ពលរដ្ឋសិង្ហបុរី ៤នាក់ត្រូវពិន័យម្នាក់ៗជិត ១ពាន់ដុល្លារ ដោយសារប្រមូលផ្តុំគ្នា ហើយមិនពាក់ម៉ាស់ល្មើសវិធានការទប់ស្កាត់កូវីដ-១៩ (មានវីដេអូ)
សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមករានេះ បានសម្រេចចោទប្រកាន់ពលរដ្ឋចំនួន ៤នាក់ ថាបានធ្វើសកម្មភាពបំពាននឹងវិធានការទប់ស្កាត់ការរាត្បាតជំងឺកូវីដ-១៩របស់អាជ្ញាធរ ហើយពលរដ្ឋទាំង ៤នាក់នោះនឹងត្រូវទទួលការពិន័យទៅតាមច្បាប់ដែលបានកំណត់ដោយគ្មានការលើកលែងនោះដើម្បីទុកធ្វើជាគំរូសម្រាប់ពលរដ្ឋផ្សេងទៀត។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ពលពលរដ្ឋសិង្ហបុរីទាំង ៤នាក់នោះមានអាយុចន្លោះពី ១៩ ដល់ ២២ ឆ្នាំ ហើយសកម្មភាពដែលពួកគាត់បានធ្វើខុសនោះគឺបានកើតឡើងកាលពីអំឡុងពេលនៃពិធីបុណ្យឆ្លងឆ្នាំ ២០២១ ចូលឆ្នាំ ២០២២ កន្លងមកនេះ។

តាមរយៈវីដេអូដែលអាជ្ញធរសិង្ហបុរីបានប្រើប្រាស់ជាភស្តុតាងនៅក្នុងការចោទប្រកាន់នេះ គឺបានបង្ហាញយ៉ាងច្បាស់ថាពលរដ្ឋទាំង ៤នាក់នោះបានធ្វើការប្រមូលផ្តុំគ្នានៅទីសាធារណៈដោយមិនបានពាក់ម៉ាស់តាមការណែនាំរបស់អាជ្ញាធរនោះទេ។ យោងតាមបទបញ្ជារបស់អាជ្ញាធរសិង្ហបុរីគឺពលរដ្ឋទាំងនាក់ ៤នាក់នេះនឹងត្រូវពិនិត្យជាប្រាក់ម្នាក់ៗចំនួន ១,០០០ ដុល្លារសិង្ហបុរី (៧៤៣ ដុល្លារអាមេរិក)។ បើតាមអាជ្ញាធរសិង្ហបុរីបានបញ្ជាក់ផងដែរថា ការសម្រេចពិន័យពលរដ្ឋទាំង ៤នាក់នៅពេលនេះក៏ជាការព្រមានមួយទៅកាន់ពលរដ្ឋផ្សេងទៀតកុំឲ្យភ្លេចអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលនឹងត្រូវរៀបចំឡើងនៅចុងខែមករានេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia