កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដប្រចាំថ្ងៃចំនួន ៨,៥៧១នាក់ដែលជាតួលេខច្រើនបំផុតមិនធ្លាប់មាន ខណៈអូមីក្រុងកំពុងរាតត្បាតខ្លាំងតាមសហគមន៍
កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមករានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨,៥៧១នាក់ ដែលនេះជាតួលេខអ្នកឆ្លងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ហើយវាក៏ជាតួលេខអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មានផងដែររាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ជាសកលមក។ គេនៅចាំបានថា នាពេលកន្លងមកប្រទេសកូរ៉េខាងត្បូងធ្លាប់កត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃច្រើនបំផុតក្នុងចំនួនត្រឹម ៧,៨៤៨នាក់ប៉ុណ្ណោះកាលពីអំឡុងពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១។

បើតាមទីភា្នក់ងារគ្រប់គ្រងនិងបង្ការជំងឺឆ្លងនៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ការបំបែកកំណត់រកឃើញអ្នកឆ្លងកូវីដ-១៩ក្នុងចំនួនដ៏ច្រើននេះបំផុតនេះគឺត្រូវបានកើតឡើងស្របពេលដែលមេរោគអូមីក្រុងកំពុងតែបង្កការរាតត្បាតយ៉ាងឆាប់រហ័សនៅតាមសហគមន៍ ហើយភាគច្រើននៃករណីឆ្លងថ្មីនារយៈពេលចុងក្រោយនេះគឺជាការចម្លងមេរោគអូមីក្រុងនេះតែម្តង។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៧៤ម៉ឺននាក់ ស្លាប់ជាង ៦,៥ ពាន់នាក់ ហើយចំពោះផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញគឺគិតត្រឹមពេលនេះមានពលរដ្ឋកូរ៉េខាងត្បូង ៨៥%បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និង ៤៨% បានចាក់រហូតដល់ដូសជម្រុញ ខណៈកូរ៉េខាងត្បូងមានពលរដ្ឋសរុប ៥២លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia