អាជ្ញាធរក្រុងប៉េកាំងសម្រេចធ្វើតេស្តរកជំងឺកូវីដ-១៩ គ្រប់ពលរដ្ឋដែលបានមកទិញថ្នាំបំបាត់ក្តៅខ្លួន ក្អក និងឈឺបំពង់ក
ចិន៖ អាជ្ញាធរក្រុងប៉េកាំងបានសម្រេចកំណត់ឲ្យមានការធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះគ្រប់ពលរដ្ឋណាដែលបានទៅទិញថ្នាំក្តៅខ្លួន ថ្នាំក្អក ឬថ្នាំបំបាត់ឈឺបំពង់កពីគ្រប់ឱសថស្ថាននៅទូទាំងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Straits Times កាលពីថ្ងៃ ២៤ ខែមករានេះ។ វិធានការដ៏តឹងរឹងនេះគឺត្រូវបានដាក់ចេញដើម្បីកាត់ផ្តាច់ឬសគល់នៃការចម្លងជំងឺជំងឺកូវីដ-១៩នៅក្នុងទីក្រុងប៉េកាំង ដ្បិតទីក្រុងដ៏ធំរបស់ចិនមួយនេះនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅសប្តាហ៍ក្រោយនេះហើយ។

បើតាមអាជ្ញាធរក្រុងប៉េកាំងបានបញ្ជាក់ថា ពលរដ្ឋដែលបានមកទិញថ្នាំក្នុងប្រភេទដូចបានជម្រាបជូនខាងលើនេះគឺត្រូវតែចុះឈ្មោះជាមួយឱសថស្ថាន ហើយពួកគេនឹងតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ ម៉ោងក្រោយពេញទិញថ្នាំដើម្បីបញ្ជាក់ថាពួកគេវិជ្ជមានជំងឺកូវីដ-១៩ ឬអត់។ ការធ្វើតេស្តនោះទៀតសោធត្រូវតែមានការទទួលស្គាល់ត្រឹមត្រូវ ហើយបន្ទាន់ពីទទួលបានលទ្ធផលតេស្តរួចពួកគេត្រូវតែរាយការណ៍ទៅកាន់អាជ្ញាធរឬឱសថស្ថានដែលពួកគេបានទិញថ្នាំតាមរយៈការប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ទដៃដែលអាជ្ញាធរក្រុងប៉េកាំងបានបង្កើតទុករួចហើយ។ គួររម្លឹកជូនថា អាជ្ញាធរចិនបានអនុវត្តផែនការតឹងរឹងមួយមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាចូលមកដល់នោះគឺវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ឲ្យស្ថិតនៅកម្រិតសូន្យ ហើយតាមការអនុវត្តវិធានការនេះអាជ្ញាធរចិនបានបិទទីក្រុងនិងលុបចោលកម្មវិធីជួបជុំនៅតាមបណ្តាទីក្រុងជាច្រើននាពេលកន្លងមក ខណៈដែលទីកន្លែងទាំងនោះមានការឆ្លងជំងឺកូវីដ-១៩ក្នុងចំនួនតិចតួចបំផុត បើធៀបទៅនឹងតួលេខឆ្លងនៅក្នុងប្រទេសផ្សេងៗទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Straits Times