ថ្ងៃនេះ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង ១៣,០០០នាក់ដែលជាកំណត់ត្រាច្រើនបំផុតមិនធ្លាប់មាន ខណៈអ្នកជំនាញព្យាករណ៍ថាតួលេខនេះអាចកើនដល់ ៣ម៉ឺននាក់នៅ ២-៣សប្តាហ៍បន្ទាប់
កូរ៉េខាងត្បូង៖ នៅក្នុងថ្ងៃពុធ ទី២៦ ខែមករានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៣,០១២ នាក់ ដែលជាកំណត់ត្រារកអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មានទាល់តែសោះ រាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ ជាសកលមក។ តួលេខអ្នកឆ្លងថ្មីនេះគឺមានការកើនឡើងយ៉ាងច្រើនបើធៀបទៅនឹងរបាយការណ៍កាលពីថ្ងៃម្សិលមិញ ដោយនៅក្នុងថ្ងៃអង្គារ ទី២៥ ខែមករានេះ តួលេខអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួនជាង ៨,០០០ នាក់ប៉ុណ្ណោះ ខណៈតួលេខនេះក៏ជាចំនួនអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មានសម្រាប់កូរ៉េខាងត្បូងផងដែរ បើធៀបទៅនឹងរយៈពេលកន្លងមក។

បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺភាគច្រើនជាការចម្លងមេរោគបំប្លែងខ្លួនអូមីក្រុង ខណៈគេបានព្យាករណ៍ថានៅក្នុងរយៈពេល ២-៣សប្តាហ៍បន្ទាប់ទៀត វ៉ារ្យ៉ង់អូមីក្រុងនឹងគ្របដណ្ដប់ជាង ៩០% នៃករណីឆ្លងសរុបនៅទូទាំងប្រទេសកូរ៉េខាងត្បូង។ ជាងនេះទៅទៀតអ្នកជំនាញផ្នែកជំងឺឆ្លងក៏បានព្យាករណ៍ដែរថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃនៅកូរ៉េខាងត្បូងអាចនឹងកើនឡើងដល់ខ្ទង់ ២០,០០០-៣០,០០០នាក់ក្នុងរយៈពេល ២-៣សប្តាហ៍ក្រោយនេះ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៧៦ម៉ឺននាក់ និងស្លាប់សរុបជាង ៦,៦ពាន់នាក់ ខណៈមានពលរដ្ឋកូរ៉េខាងត្បូងជាង ៩៥% ក្នុងចំណោមពលរដ្ឋពេញវ័យបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia