ចំនួនអ្នកឆ្លងកូវីដ-១៩នៅចិនបន្តកើនឡើង ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងកាន់តែខិតជិតមកដល់
ចិន៖ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនបន្តកើនឡើង ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាដែលគ្រោងនឹងរៀបចំឡើងនៅក្នុងទីក្រុប៉េកាំងកាន់តែខិតជិតមកដល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករានេះ។ បើតាមរបាយការណ៍របស់អាជ្ញាធរចិនសម្រាប់ថ្ងៃទី ២៧ ខែមករានេះបានបង្ហាញថា អាជ្ញាធរសុខាភិបាលចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៣នាក់ ដែលតួលេខនេះមានការកើនឡើងចំនួន ១៩នាក់ បើធៀបទៅនឹងរបាយការណ៍កាលពីថ្ងៃទី ២៦ ខែមករា ម្សិលមិញនេះ។

ដោយឡែកបើនិយាយតែពីក្នុងទីក្រុងប៉េកាំងដែលជាកន្លែងទទួលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកវិញក៏មានករណីអ្នកឆ្លងកូវីដ-១៩ គួរឲ្យកត់សម្គាល់ដែរ ដោយកាលពីថ្ងៃទី ២៦ ខែមករានេះ អាជ្ញាធរក្រុងប៉េកាងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៤នាក់ ដែលជាតួលេខអ្នកឆ្លងច្រើនបំផុតសម្រាប់ក្រុងប៉េកាំងក្នុងរលកនៃការរាត្បាតនារយៈពេលចុងក្រោយនេះ។ បើគិតចាប់តាំងពីថ្ងៃទី ១៥ ខែមករាមក ក្រុងប៉េកាំងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥៥នាក់ហើយ ខណៈភាគច្រើននៃករណីឆ្លងនោះគឺជាការចម្លងមេរោគប្រភេទអូមីក្រុងនិងដែលតា។ គួររម្លឹកជូនថា ចិនបានដាក់ចេញនូវផែនការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ឲ្យស្ថិតនៅកម្រិតសូន្យមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាចូលមកដល់ ដូចនេះហើយទើបអាជ្ញាធរចិនតែងទាញសញ្ញាអាសន្នចំពោះស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ បើទោះជាតួលេខអ្នកឆ្លងនៅចិនហាក់មិនច្រើនដូចនៅក្នុងបណ្តាប្រទេសមួយចំនួនក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia