ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងបំបែកកំណត់ត្រារកឃើញអ្នកឆ្លងកូវីដ-១៩ច្រើនបំផុត ៣ថ្ងៃជាប់គ្នា ហើយថ្ងៃនេះតួលេខអ្នកឆ្លងមានរហូតដល់ ១៤,៥១៨នាក់

    BY Pheakdey January 27, 2022
    កូរ៉េខាងត្បូងបំបែកកំណត់ត្រារកឃើញអ្នកឆ្លងកូវីដ-១៩ច្រើនបំផុត ៣ថ្ងៃជាប់គ្នា ហើយថ្ងៃនេះតួលេខអ្នកឆ្លងមានរហូតដល់ ១៤,៥១៨នាក់

    កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Straits Times បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងចំនួនដ៏ច្រើនបំផុតមួយសម្រាប់របាយការណ៍នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករានេះ ហើយវាក៏ជាការបំបែកកំណត់ត្រារកឃើញអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល ៣ ថ្ងៃជាប់គ្នាផងដែរ។ គេនៅចាំបានថា កាលពីថ្ងៃទី ២៥ ខែមករា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនដល់ខ្ទង់ជាង ៨,០០០នាក់ជាលើកដំបូង ហើយបន្ទាប់មកនៅថ្ងៃទី ២៦ ខែមករា តួលេខអ្នកឆ្លងបានហក់ឡើងដល់ជាង ១៣,០០០នាក់ ដែលជាកំណត់ត្រាថ្មីមិនធ្លាប់មានផងដែរ។

    សម្រាប់នៅក្នុងថ្ងៃទី ២៧ ខែមករានេះទៀតសោធ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកូរ៉េខាងត្បូងនៅតែបន្តកើនឡើង ពោលគឺអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ ១៤,៥១៨ នាក់ និងស្លាប់ចំនួន ៣៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នៅក្នុងចំណោមករណីឆ្លងទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ២១៧នាក់ជាករណីនាំចូលពីក្រៅប្រទេស និងក្រៅពីនេះគឺជាករណីឆ្លងនៅតាមសហគមន៍ទូទាំងប្រទេសកូរ៉េខាងត្បូង។ គួររម្លឹកជូនថា ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺឆ្លងកូរ៉េខាងត្បូងធ្លាប់បានព្យាករណ៍ថា តួលេខអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅកូរ៉េខាងត្បូងអាចនឹងកើនដល់ខ្ទង់ ២០,០០០-៣០,០០០នាក់ក្នុងរយៈពេល ២-៣សប្តាហ៍ទៀតនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ straits times

     

     

    Share This Post: