ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសស៊ុយអែតសម្រេចមិនធ្វើតាមការណែនាំជាសកលជុំវិញការចាក់វ៉ាក់សាំងកូវីដចំពោះកុមារអាយុ ៥-១១ឆ្នាំ

    BY Pheakdey January 28, 2022
    ប្រទេសស៊ុយអែតសម្រេចមិនធ្វើតាមការណែនាំជាសកលជុំវិញការចាក់វ៉ាក់សាំងកូវីដចំពោះកុមារអាយុ ៥-១១ឆ្នាំ

    ស៊ុយអែត៖ ប្រទេសស៊ុយអែតបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករានេះថា នឹងមិនធ្វើតាមការណែនាំជាសកលឡើយជុំវិញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនក្រុមកុមារដែលមានអាយុចាប់ពី ៥-១១ឆ្នាំ។ បើតាមទីភ្នាក់ងារសុខភាពស៊ុយអែតបានឲ្យដឹងថា ការសម្រេចផ្ទុយពីការណែនាំនិងអ្វីដែលប្រទេសជាច្រើនបានធ្វើនេះព្រោះអាជ្ញាធរស៊ុយអែតបានមើលឃើញថា គុណប្រយោជន៍ដែលកុមារក្នុងប្រទេសស៊ុយអែតអាចនឹងទទួលបានពីវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅពេលនេះគឺមិនមានទំហំធំជាងហានិភ័យដែលអាចកើតមានចំពោះពួកនោះទេ។

    លោកស្រី Britta Bjorkholm  ដែលជាប្រធានទីភ្នាក់ងារសុខភាពស៊ុយអែតបានបញ្ជាក់ថា គិតត្រឹមពេលនេះក្រុមអ្នកជំនាញស៊ុយអែតមិនបានរកឃើញថា ក្រុមកុមារស៊ុយអែតដែលមានអាយុចន្លោះពី ៥-១១ឆ្នាំចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាល់តែសោះ ពោលគឺពួកគេកំពុងស្ថិតនៅក្នុងក្រុមពលរដ្ឋដែលហានិភ័យទាបបំផុតក្នុងការឆ្លងជំងឺកូវីដ-១៩។ យ៉ាងណាក្តី លោកស្រ្តីប្រធានទីភ្នាក់ងារសុខភាពរូបនេះបានបន្តថា ចំំពោះកុមារស៊ុយអែតដែលស្ថិតនៅក្នុងក្រុមពលរដ្ឋមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ គឺពួកគេបានទៅទទួលវ៉ាក់សាំងរួចអស់ហើយ និងត្រៀមចាក់ដូសជម្រុញទៀតផងក្នុងករណីចាំបាច់។ គួរបញ្ជាក់ជូនថា ក្នុងពេលបច្ចុប្បន្ននេះប្រទេសស៊ុយអែតកំពុងប្រឈមខ្លាំងនឹងការរាតត្បាតជំងឺកូវីដ​-១៩​ ដែលជារលកទី ៤ ហើយគិតត្រឹមពេលនេះស៊ុយអែតបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួនជាង ២លាននាក់ និងស្លាប់សរុប ១,៥ ម៉ឺននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: