ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃនឹងទទួលយកពលករចំណាកស្រុកកម្ពុជាដោយស្របច្បាប់ជាង ២០០នាក់នៅសប្តាហ៍ក្រោយនេះ

    BY Pheakdey January 28, 2022
    ថៃនឹងទទួលយកពលករចំណាកស្រុកកម្ពុជាដោយស្របច្បាប់ជាង ២០០នាក់នៅសប្តាហ៍ក្រោយនេះ

    ថៃ៖ ពលករចំណាកស្រុកកម្ពុជាជាង ២០០ នាក់នឹងធ្វើដំណើរទៅដល់ប្រទេសថៃនៅក្នុងថ្ងៃអង្គារសប្តាហ៍ក្រោយ នេះបើយយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមករានេះ។ បើតាមការបញ្ជាក់ពីអាជ្ញាធរថៃគឺក្រុមពលករទាំងនោះត្រូវបានបញ្ជូនឲ្យទៅធ្វើការងារនៅក្នុងប្រទេសថៃតាមរយៈកិច្ចព្រមព្រៀងផ្លូវការមួយរវាងក្រសួងការងារនៃប្រទេសថៃនិងក្រសួងការងារនៃប្រទេសកម្ពុជា។ នៅក្នុងដំណាក់កាលដំបូងនេះពលករកម្ពុជាដែលមានសិទ្ធទៅធ្វើការងារដោយស្របច្បាប់ក្នុងប្រទេសថៃគឺមានចំនួន ២២៦ នាក់ ខណៈអាជ្ញាធរថៃនឹងទទួលយកពលករកម្ពុជាបន្ថែមជាច្រើននាក់ទៀតផងដែរនៅក្នុងដំណាក់កាលបន្ទាប់។

    ប្រភពខាងលើបានបន្តថា តាមគម្រោងគឺពលករកម្ពុជាចំនួន ២២០ នាក់នឹងត្រូវបញ្ជូនទៅធ្វើការងារនៅក្នុងខេត្ត Chon Buri និងពលករចំនួន ៦នាក់ផ្សេងទៀតនឹងត្រូវបញ្ជូនទៅធ្វើការងារនៅក្នុងខេត្ត Ayutthaya នៃប្រទេសថៃ។ គួរបញ្ជាក់ថា អាជ្ញាធរថៃក៏នឹងបើកទទួលយកពលករឡាវនិងមីយ៉ាន់ម៉ាជាច្រើននាក់ផងដែរតាមរយៈការចុះកិច្ចព្រមព្រៀងផ្លូវការដូចអ្វីដែលអាជ្ញាធរថៃបានធ្វើជាមួយនឹងកម្ពុជាដែរ។ សូមបញ្ជាក់ជូនថា ការចុះកិច្ចព្រមព្រៀងទទួលយកពលករចំណាកស្រុករបស់អាជ្ញាធរថៃនៅពេលនេះគឺត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់ពីសំណាក់ពលរដ្ឋកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ព្រោះអ្នកឆ្លងដែនខុសច្បាប់ទាំងនោះអាចជាភ្នាក់ងារចម្លងជំងឺកូវីដ-១៩ចូលទៅក្នុងប្រទេសថៃផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

    Share This Post: