ពលរដ្ឋកាដាណារាប់ពាន់នាក់នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវិធានការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រដ្ឋាភិបាល
កាដាណា៖ ពលរដ្ឋកាដាណារាប់ពាន់នាក់បាននាំគ្នាដង្ហែតាមដងផ្លូវធ្វើបាតុកម្មប្រឆាំងនឹងវិធានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលខ្លួន នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទៅ ៣០ ខែមករានេះ។ ក្បួនបាតុកម្មត្រូវបានរៀបចំឡើងនៅក្នុងរដ្ឋធានី Ottawa ខណៈដែលក្រុមបាតុករភាគច្រើននាំគ្នាជិះរថយន្តទ្រុងឆ្ពោះទៅកាន់វិមានរដ្ឋសភារបស់រដ្ឋាភិបាលកាណាដា ហើយពួកគេបានហៅក្បួនបាតុកម្មនេះថា “Freedom Convoy” ឬ “ក្បួនដង្ហែសេរីភាព”។

ក្រុមបាតុករបានប្រាប់ឲ្យដឹងថា កម្មវត្ថុនៃការធ្វើបាតុកម្មនេះគឺដើម្បីប្រឆាំងនឹងវិធានការតម្រូវឲ្យអ្នកបើកបរឆ្លងកាត់ព្រំដែនទាំងអស់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដ្បិតវិធានការនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការងារក្នុងនាមជាអ្នកបើកបររបស់ពួកគេ ហើយពួកគេក៏មិនចង់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែរ។ បើតាមអាជ្ញាធរកាណាដាបានបញ្ជាក់ថា កម្មវត្ថុនៃការតវ៉ានេះហាក់មានទំហំធំធេងជាងសមត្ថភាពរបស់អាជ្ញាធរខ្លាំងណាស់ ព្រោះបើអ្នកបើកបរឆ្លងកាត់ព្រំដែនមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទេនោះគឺពិតណាស់ពួកគេនឹងក្លាយជាភ្នាក់ងារចម្លងមេរោគកូវីដ-១៩ យ៉ាងសកម្មភាព ហើយកត្តានេះនឹងធ្វើឲ្យវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលត្រូវបរាជ័យទាំងស្រុងតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia