សិង្ហបុរីប្រាប់ឲ្យពលរដ្ឋដែលមានអារម្មណ៍មិនសូវស្រួលខ្លួនកុំចេញពីផ្ទះឲ្យសោះក្នុងពេលចូលឆ្នាំចិន ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងកូវីដ-១៩
សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីបានប្រាប់ឲ្យប្រជាពលរដ្ឋខ្លួនដែលមានអារម្មណ៍ថាមិនសូវស្រួលខ្លួនត្រូវសម្ងំនៅក្នុងផ្ទះក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលនឹងចូលមកដល់នៅក្នុងថ្ងៃទី ៣១ ខែមករាស្អែកនេះ ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា សេចក្តីអំពាវនាវខាងលើនេះត្រូវបានធ្វើឡើងព្រមគ្នាពីសំណាក់រដ្ឋមន្ត្រីចំនួន ២រូបគឺលោក Lawrence Wong ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក Ong Ye Kung ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរី។

ក្រៅតែពីបានប្រាប់កុំឲ្យពលរដ្ឋចេញក្រៅផ្ទះបើគ្មានការចាំបាច់ខ្លាំងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន រដ្ឋមន្ត្រីទាំង ២នេះក៏បានប្រាប់ឲ្យពលរដ្ឋដែលមានអារម្មណ៍ថាមិនស្រួលខ្លួនទាំងអស់គួរធ្វើការជួបជុំសាច់ញាតិឬមិត្តភក្តិតាមរយៈប្រព័ន្ធ Online វិញជំនួសឲ្យការទៅជួបជុំគ្នាផ្ទាល់ ដែលជាសកម្មភាពមានហានិភ័យខ្ពស់ក្នុងចម្លងជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅក្នុងសហគមន៍។ គួរបញ្ជាក់ថា សេចក្តីអំពាវនាវខាងលើនេះត្រូវបានធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរីបន្តកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះអាជ្ញាធរសុខាភិបាលសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ ៥,០២៧ នាក់ និងស្លាប់ចំនួន ១នាក់ ខណៈតួលេខអ្នកឆ្លងសរុបបានកើនដល់ជាង ៣៤ម៉ឺននាក់ និងស្លាប់សរុបជាង ៨០០នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia