អាមេរិកបារម្ភខ្លាចកូរ៉េខាងជើងត្រលប់ទៅបាញ់មីស៊ីលដែលមានសមត្ថភាពខ្លាំងបំផុតមួយដូចពីកាលពីឆ្នាំ ២០១៧ និងជម្រុញឲ្យមានការចរចារជាមួយកូរ៉េខាងជើងជាបន្ទាន់
អាមេរិក៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍នៅក្នុងថ្ងៃចន្ទ ទី៣១ ខែមករានេះថា សហរដ្ឋអាមេរិកកំពុងមានការព្រួយបារម្ភខ្លាចប្រទេសកូរ៉េខាងជើងអាចត្រលប់ទៅអនុវត្តផែនការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរទ្រង់ទ្រាយធំឡើងវិញ ក្រោយកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលទំនើបៗជាច្រើនគ្រាប់បន្តបន្ទាប់គ្នាកាលពីពេលថ្មីនេះ។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិកម្នាក់បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា កូរ៉េខាងជើងអាចត្រលប់ទៅបាញ់សាកល្បងប្រភេទមីស៊ីលបាញ់ឆ្លងទ្វីបនិងប្រភេទមីស៊ីលដែលមានសមត្ថភាពខ្លាំងដូចដែលកូរ៉េខាងជើងធ្លាប់បាញ់ម្តងកាលពីឆ្នាំ ២០១៧ កន្លងទៅ ដូចនេះការចរចារដោយផ្ទាល់និងគ្មានលក្ខខណ្ឌជាមួយក្រុងព្យុងយ៉ាងត្រូវតែធ្វើឡើងជាបន្ទាន់មុនពេលកូរ៉េខាងជើងបាញ់មីស៊ីលដែលគេកំពុងព្រួយបារម្ភនោះ។

គួររម្លឹកជូនថា កាលពីឆ្នាំ ២០១៧ កន្លងទៅកូរ៉េខាងជើងធ្លាប់បាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យម Hwasong-12 (IRBM) ដែលជាមីស៊ីលមានសមត្ថភាពអាចទៅកម្ទេចកោះ Guam របស់អាមេរិកនៅមហាសមុទ្រប៉ាស៊ីហ្វិក និងមីស៊ីលដែលអាចទៅកម្ទេចដល់រដ្ឋធានីវ៉ាស៊ីនតោនរបស់អាមេរិកបាន ហើយពេលនោះកូរ៉េខាងជើងបានអះអាងថាខ្លួនជាប្រទេសមហាអំណាចនុយក្លេអ៊ែរនៅលើកពិភពលោកទៀតផង។ តាមការកត់សម្គាល់មីស៊ីលដែលកូរ៉េខាងជើងបានបាញ់កាលពីប៉ុន្មានថ្ងៃមុននេះគឺស្រដៀងគ្នាទៅនឹងមីស៊ីលបាលីស្ទិកចម្ងាយមធ្យម Hwasong-12 (IRBM) ដែរ ដូចនេះហើយបានជាពិភពលោកនិងជាពិសេសអាមេរិកមានការព្រួយបារម្ភពីបញ្ហានេះយ៉ាងខ្លាំង។ គួរបញ្ជាក់ជូនថា ការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់របស់ក្រុងព្យុងយ៉ាងនៅពេលនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ព្រោះកូរ៉េខាងជើងចង់ឲ្យអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសខ្លួនវិញ ដ្បិតពេលនេះកូរ៉េខាងជើងក៏កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia