អត្តពលិកអាឡឺម៉ង់ ៦រូបបានតេស្តវិជ្ជមានកូវីដពេលទៅដល់ចិន ខណៈតួលេខអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងហើយបានឆ្លងកូវីដកើនដល់ ២៧៨នាក់
ចិន៖ អត្តពលិកជម្រើសជាតិអាឡឺម៉ង់ចំនួន ៦រូប ដែលបានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាត្រូវបានតេស្តវិជ្ជមានជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកុម្ភៈនេះ។ ការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦ករណីនេះបានធ្វើឲ្យករណីឆ្លងសរុបនៅក្នុងចំណោមក្រុមកីឡាករជម្រើសជាតិអាឡឺម៉ង់បានកើនឡើងដល់ ៧នាក់ ហើយកីឡាករទាំង ៧នាក់នេះត្រូវក្រកួតជាក្រុមក្នុងវិញ្ញាសា ៣ប្រភេទផ្សេងគ្នាផងដែរ។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា អត្តពលិកជម្រើសជាតិអាឡឺម៉ង់ចំនួន ៦រូបខាងលើនេះពុំបានបង្ហាញរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ ខណៈអត្តពលិកចំនួន ៧៨នាក់ផ្សេងទៀតដែលបានរួមដំណើរក្នុងយន្តហោះជាមួយពួកគេនោះត្រូវបានធ្វើតេស្តអវិជ្ជមានទាំងអស់។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី ២០ ខែកុម្ភៈនេះ ហើយគិតត្រឹមពេលនេះមានអត្តពលិក គ្រូបង្វឹក មន្ត្រីរៀបចំការប្រកួត និងអ្នកសារព័ត៌មានដែលត្រូវមានវត្តមានក្នុងព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះចំនួន ២៨៧នាក់ហើយ ដែលបានតេស្តវិជ្ជមានជំងឺកូវីដ-១៩៕

អត្តបទ៖ ភក្តី
ប្រភព៖ Channel News Asia