សិង្ហបុរីអនុញ្ញាតឲ្យមានការប្រើប្រាស់ថ្នាំលេប Paxlovid ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ជាពលរដ្ឋពេញវ័យ និងមានរោគសញ្ញាធ្ងន់ធ្ងរ
សិង្ហបុរី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានសម្រេចឲ្យមានការប្រើប្រាស់ថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Paxlovid របស់ក្រុមហ៊ុន Pfizer ជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី ៣ ខែកុម្ភៈ ម្សិលមិញនេះ។ បើតាមទីភ្នាក់ងារវិទ្យាសាស្រ្តសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ថ្នាំលេបប្រភេទ Paxlovid នឹងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងចំណោមតែពលរដ្ឋពេញវ័យណាដែលមានហានិភ័យនៃការកើតមានជំងឺធ្ងន់ធ្ងរប៉ុណ្ណោះ ខណៈអ្នកជំងឺកូវីដ-១៩កម្រិតស្រាលនឹងមិនត្រូវផ្តល់ជូនថ្នាំលេបនេះទេ ដ្បិតបរិមាណថ្នាំនៅមានចំនួនកំណត់នៅឡើយក្នុងពេលនេះ។

គួររម្លឹកជូនថា មុនពេលសម្រេចឲ្យមានការប្រើប្រាស់ថ្នាំ Paxlovid ជាផ្លូវការនេះក្រុមអ្នកជំនាញសិង្ហបុរីបានរកឃើញថា ថ្នាំលេបប្រភេទនេះមានប្រសិទ្ធភាពអាចព្យាបាលជំងឺកូវីដ-១៩ បានរហូតដល់ ៨៨,៩% ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកជំងឺបានចេញរោគសញ្ញាថាបានឆ្លងកូវីដ-១៩មក។ គួរបញ្ជាក់ជូនផងដែរថា សម្រេចឲ្យមានការប្រើប្រាស់ថ្នាលេបនេះក៏ត្រូវបានធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរីបានបន្តកើនឡើងក្នុងខ្ទង់រាប់ពាន់នាក់ក្នុងមួយៗថ្ងៃ ហើយគិតត្រឹមពេលនេះសិង្ហបុរីបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបជាង ៣,៦សែននាក់ និងស្លាប់ជាង ៨០០នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia