អាជ្ញាធរចិនកំណត់ឲ្យបុគ្គលិកសណ្ឋាគារពាក់ព័ន្ធក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទាំងអស់ត្រូវពាក់ឈុតការពារមេរោគពេលបំពេញការងារ
ចិន៖ ប្រទេសចិនដែលជាម្ចាស់ផ្ទះកំពុងទទួលរៀបចំព្រឹត្តិការណ៍កីឡាំអូពិករដូវរងាត្រូវបានគេមើលឃើញថា បានអនុវត្តវិធានការយ៉ាងតឹងរឹងបំផុតដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ក្នុងចំណោមក្រុមអត្តពលិក គ្រូបង្វឹក ក្រុមអ្នកសារព័ត៌មាន មន្ត្រីរៀបចំការប្រកួត និងអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តនេះរាប់ពាន់នាក់ដែលបានធ្វើដំណើរមកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។ នៅក្នុងវីដេអូមួយដែលជារបាយការណ៍របស់បណ្តាញសារព័ត៌មាន South China Moring Post បានបង្ហាញថា គ្រប់បុគ្គលិកបម្រើការងារនៅក្នុងសណ្ឋាគារដែលអាជ្ញាធរចិនបានរៀបចំទុកសម្រាប់ទទួលក្រុមអត្តពលិកនិងអ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទាំងអស់សុទ្ធតែតម្រូវឲ្យពាក់ឈុតការពារមេរោគ (PPE) ក្នុងអំឡុងពេលបំពេញការងារ។

នៅក្នុងវីដេអូនោះបានបង្ហាញទៀតថា សូម្បីតែអ្នកក្រឡុកស្រានៅក្នុងសណ្ឋាគារក៏តម្រូវឲ្យស្លៀកពាក់ឈុតការពារមេរោគដែរ ខណៈនៅក្នុងបរិវេណនៃសណ្ឋាគារនិងកន្លែងស្នាក់នៅរបស់ក្រុមអត្តពលិកនិងអ្នកដែលពាក់ព័ន្ធផ្សេងទៀតត្រូវបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំផងដែរ។ ប្រភពដដែលនេះបានបន្តទៀតថា ចំពោះការគ្រប់គ្រងក្រុមអត្តពលិកនិងអ្នកពាក់ព័ន្ធរាប់ពាន់នាក់វិញគឺអាជ្ញាធរចិនបានសម្រេចបែងចែកពួកគាត់ឲ្យស្ថិតនៅក្នុងតំបន់សុវត្ថិភាពដាច់ដោយឡែកពីគ្នា ពោលគឺក្រុមមនុស្សដែលមានការងារពាក់ព័ន្ធគ្នាត្រូវស្នាក់នៅកន្លែងជាមួយគ្នា ហើយពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យទៅធ្វើការជួបជុំជាមួយក្រុមមនុស្សផ្សេងឬជួបជុំជាសាធារណៈឡើយ។ វិធានការដ៏តឹងរឹងមួយទៀតនោះគឺក្រុមអត្តពលិកនិងអ្នកពាក់ព័ន្ធទាំងអស់ត្រូវតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ជាប្រចាំផងដែរ ហើយកាលពីថ្ងៃទី ២ ខែកុម្ភៈកន្លងទៅនេះមានការធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយម៉ាស៊ីន PCR រហូតដល់ ៦៧,១៣៧ ករណីឯណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Moring Post