តួលេខអ្នកបាត់បង់ជីវិតដោយកូវីដ-១៩នៅឥណ្ឌាកើនដល់ជាងកន្លះលាននាក់ ខណៈអ្នកជំនាញព្យាករណ៍ថាតួលេខនេះនឹងកើនឡើងដល់ខ្ទង់រាប់លាននាក់
ឥណ្ឌា៖ គិតត្រឹមថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ម្សិលមិញនេះ តួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងរហូតដល់ជាងកន្លះលាននាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ អ្វីដែលជាការកត់សម្គាល់បន្ថែមពីលើតួលេខអ្នកស្លាប់ដ៏ច្រើននេះគឺក្រុមអ្នកជំនាញបានព្យាករណ៍ថា តួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌានឹងបន្តកើនឡើងយ៉ាងឆាប់រហ័សហើយអាចកើនឡើងរហូតដល់ខ្ទង់រាប់លាននាក់ទៀតផង។

គួរបញ្ជាក់ជូនថា ឥណ្ឌាជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនបំផុតកម្រិតទី ២នៅលើពិភពលោកតាមពីក្រោយសហរដ្ឋអាមេរិក ដោយគិតត្រឹមពេលនេះឥណ្ឌាមានតួលេខអ្នកឆ្លងសរុប ៤២,០៨០,៦៦៤នាក់ ហើយតួលេខអ្នកស្លាប់សរុបមាន ៥០១,១៤៣នាក់។ ដោយឡែកចំពោះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩វិញគឺគិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលឥណ្ឌាបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនរួចរាល់បានចំនួន ៥២% និង ១%បានចាក់ដល់ដូសជម្រុញ ខណៈឥណ្ឌាមានពលរដ្ឋសរុបជាង ១,៣៨ ពាន់លាននាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia