កសិករវៀតណាមសម្រេចបោះចោលស្រកានាគរាប់លានផ្លែ ក្រោយចិនផ្អាកនាំចូលផ្លែឈើប្រភេទនេះ
វៀតណាម៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Straits Times បានឲ្យដឹងថា កសិករនៅក្នុងប្រទេសវៀតណាមជាច្រើននាក់បានបោះបង់ចោលផ្លែស្រកានាគរាប់លានផ្លែ ក្រោយប្រទេសចិនបានសម្រេចលែងឲ្យមានការនាំចូលផ្លែឈើប្រភេទនេះចូលទៅក្នុងប្រទេសខ្លួន។ បើតាមលោក Pham Thanh Hong អាយុ ៤៦ឆ្នាំ ដែលជាកសិករម្នាក់ក្នុងចំណោមកសិករវៀតណាមជាច្រើននាក់បានប្រាប់ឲ្យដឹងថា តម្លៃផ្លែស្រកានាគបានធ្លាក់ចុះយ៉ាងខ្លាំង ដូចនេះគាត់បានសម្រេចមិនទៅបេះផ្លែស្រកានាគពីក្នុងចំការរបស់គាត់នោះទេ ពោលគឺទុកឲ្យវាទុំជ្រុះចោលតែម្តង។ កសិកររូបនេះបានបន្តថា នាពេលកន្លងមកតម្លៃផ្លែស្រកានាគគឺ ១,២២ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម តែពេលនេះតម្លៃរបស់វាបានធ្លាក់ចុះរហូតដល់ទៅ ១០ ដងឯណោះ។

គួររម្លឹកជូនថា ចិនបានសម្រេចផ្អាកឲ្យមានការនាំចូលផ្លែស្រកានាគចូលទៅក្នុងប្រទេសខ្លួន ក្រោយអាជ្ញាធរសុខាភិបាលចិនបានរកឃើញមានមេរោគកូវីដ-១៩ នៅក្នុងផ្លែស្រកានាគមួយចំនួនដែលបាននាំចូលទៅដល់ក្នុងក្រុងចំនួន ៩ នៅក្នុងប្រទេសចិន។ ក្រោយការកឃើញករណីនេះអាជ្ញាធរចិនបានសម្រេចឲ្យពលរដ្ឋដែលមានការពាក់ព័ន្ធជាមួយផ្លែស្រកានាគដែលមានមេរោគនោះប្រមាណជា ១,០០០ នាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ១៥ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ពួកគេ។ តាមរបាយការណ៍នាពេលកន្លងមកបានបង្ហាញថា ទីផ្សារនាំផ្លែឈើចេញរបស់ប្រទេសវៀតណាមមានទំហំទឹកប្រាក់ប្រមាណជា ៣,២ ពាន់លានដុល្លារអាមេរិកហើយក្នុងនោះប្រទេសចិនគឺប្រភពទីផ្សារ ៥៥% នៃទីផ្សារសរុបផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Straits Times