អន្តរជាតិ

គណៈកម្មាធិការកីឡាអូឡាំពិកក្រុងប៉េកាំងប្រកាសពីការកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩នាក់បន្ថែមទៀត

BY
Pheakdey
February 10, 2022

ចិន៖ គណៈកម្មាធិការរៀបចំកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ ២០២២ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩នាក់បន្ថែមទៀតសម្រាប់របាយការណ៍ប្រចាំថ្ងៃដែលបានបិទបញ្ចប់ត្រឹមយប់ថ្ងៃពុធទី៩ ខែកុម្ភៈម្សិលមិញ នេះបើយោងតាមអត្ថបទចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia។ បើតាមអាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំង ៩នាក់នោះគឺមានអ្នកឆ្លងចំនួន ៦នាក់ជាអ្នកសារព័ត៌មានដែលទើបធ្វើដំណើរទៅដល់ប្រទេសចិន ខណៈ ៣នាក់ផ្សេងទៀតគឺក្រុមអត្តពលិក។

អាជ្ញាធរសុខាភិបាលចិនបានបន្តថា អត្តពលិកទាំង ៣នាក់ដែលបានតេស្តវិជ្ជមានជំងឺកូវីដ-១៩ នោះគឺជាក្រុមមនុស្សដែលគេបានដាក់ឲ្យនៅដាច់ដោយឡែកពីគេរួចហើយមុនពេលធ្វើតេស្ត ដូចនេះករណីចម្លងនេះមិនបានបង្កើតហានិភ័យខ្ពស់ក្នុងការចម្លងបន្តទៅអ្នកណាផ្សេងទៀតទេ។ យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលចិនមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់ក្រុមអត្តពលិកទាំង ៣នាក់នោះទេ ហើយសូម្បីតែឈ្មោះប្រទេសកំណើតរបស់ពួកគេក៏មិនត្រូវបានបង្ហាញជាសាធារណៈដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: