ហ្វីលីពីនបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញ ក្រោយហាមឃាត់អស់រយៈពេល ២ឆ្នាំ
- BY
- Pheakdey
- February 11, 2022
ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបានសម្រេចបើកទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ម្សិលមិញនេះ។ គួររម្លឹកជូនថា ហ្វីលីពីនបានសម្រេចបិទមិនទទួលភ្ញៀវទេសចរណ៍អន្តរជាតិអស់រយៈពេលជិត ២ឆ្នាំមកហើយរាប់ចាប់តាំងពីមានការរាត្បាតជំងឺកូវីដ-១៩ ជាសកលមក ហើយហ្វីលីពីនគឺជាប្រទេសចុងក្រោយគេបង្អស់ផងដែរក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលទើបសម្រេចបើកច្រកទ្វារព្រំដែនអន្តរជាតិឡើងវិញនេះ។

បើតាមអាជ្ញាធរទេសចរណ៍ហ្វីលីពីនបានប្រាប់ឲ្យដឹងថា ការសម្រេចបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិវិញនេះគឺត្រូវបានធ្វើឡើងដើម្បីស្តារវិស័យទេសចរណ៍និងអាកាសចរណ៍ឡើងវិញ ដ្បិតវិស័យទាំងនេះក៏ជាផ្នែកសំខាន់មួយជួយទ្រទ្រង់សេដ្ឋកិច្ចជាតិហ្វីលីពីនផងដែរ។ គួរបញ្ជាក់ជូនថា ការសម្រេចបើកប្រទេសឡើងវិញនៅពេលនេះគឺត្រូវបានធ្វើស្របពេលដែរតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសហ្វីលីពីនបានធ្លាក់ចុះគួរឲ្យគត់សម្គាល់ ពោលគឺធ្លាក់ចុះពីតួលេខអ្នកឆ្លងជាមធ្យមចំនួន ៣៣,០០០នាក់ក្នុងមួយថ្ងៃកាលពីអំឡុងខែសីហា ឆ្នាំ២០២១ មកសល់ត្រឹមមានអ្នកឆ្លងប្រមាណជា ៣,៥០០នាក់ប៉ុណ្ណោះក្នុងរយៈពេលថ្មីៗនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






