អន្តរជាតិ

បាតុកម្មប្រឆាំងកាតព្វកិច្ចចាក់វ៉ាក់សាំងនៅកាណាដាបង្កផលប៉ះពាល់ដល់អាជីវកម្មខ្នាតតូចខ្លាំងជាងការរាតត្បាតជំងឺកូវីដ-១៩ទៅទៀត

BY
Pheakdey
February 11, 2022

កាណាដា៖ ម្ចាស់អាជីវកម្មខ្នាតតូច ឬក្រុមអ្នកលក់ដូរខ្នាតតូចនៅក្នុងរដ្ឋធានីអូតាវានៃប្រទេសកាណាដាបានត្អូញត្អែរថា បាតុកម្មប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់ជីវកម្មរបស់ពួកគេខ្លាំងជាងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ទៅទៀត នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ​ ទី១១ ខែកុម្ភៈនេះ។ អ្នកស្រី Kiryakos អាជីវកម្នាក់នៅក្នុងផ្សារ Byward Market ដែលជាមជ្ឈមណ្ឌលលក់ទំនិញនិងវប្បធម៌ដ៏ធំនៅក្នុងនៅក្នុងទីក្រុងអូតាវាបានឲ្យដឹងថា អាជីវកម្មរបស់អ្នកស្រីនិងអាជីវកម្មជាច្រើនផ្សេងទៀតបានបិទទ្វារទាំងស្រុកតែម្តងតាំងពីចុងខែមករាមក ព្រោះតែក្នុងទីក្រុងត្រូវគ្រប់គ្រងដោយក្រុមបាតុករនិងក្រុមប៉ូលិសស្ទើរតែរាល់ថ្ងៃទៅហើយ។

អាជីវករូបនេះបានបន្តថា ចំពោះការខាតបង់របស់គាត់វិញគឺមានទំហំធំជាងផលប៉ះពាល់ក្នុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ទៅទៀត ព្រោះតែពេលនេះអាជីវកម្មត្រូវបិទដំណើរការទាំងស្រុងខណៈនាពេលកន្លងមកគាត់នៅអាចលក់បានខ្លះ ទោះមិនច្រើនដូចពេលគ្មានកូវីដ-១៩ក៏ដោយ។ លោកស្រ្តីបានបន្តថា គាត់ចង់ឃើញភាគីខាងរដ្ឋាភិបាលអាចស្វែងរកដំណោះស្រាយដ៏ល្អជាមួយនឹងក្រុមបាតុករ ដើម្បីជម្រុញឲ្យអាជីវកម្មខ្នាតតូចទាំងអស់នៅក្នុងក្រុងអូតាវាមានសកម្មភាពរស់រវើកឡើងវិញ។ គួររបញ្ជាក់ជូនថា ក្រុមបាតុករប្រមាណជា ១៥,០០០នាក់ បាននាំគ្នាធ្វើបាតុកម្មជាប្រចាំ ហើយពួកគេបានប្រើប្រាស់រថយន្តទ្រុងធំៗរាប់រយគ្រឿងដើម្បីបិទផ្លូវសំខាន់ៗក្នុងទីក្រុង ដើម្បីបង្ហាញគោលជំហរប្រឆាំងយ៉ាងដាច់ខាតចំពោះការតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩របស់រដ្ឋាភិបាលកាដាណា៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: