អន្តរជាតិ

ពលរដ្ឋនូវែលសេឡង់កាន់តែច្រើនឡើងនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងផែនការចាក់វ៉ាក់សាំងកូវីដ-១៩

BY
Pheakdey
February 12, 2022

នូវែលសេឡង់៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី១១​ ខែកុម្ភៈបានឲ្យដឹងថា បាតុកម្មប្រឆាំងនឹងផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសនូវែលសេឡង់ (New Zealand) កាន់តែរីកធំនៅក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ ក្រោយប៉ូលិសបានសម្រេចធ្វើសកម្មភាពបង្ក្រាបក្រុមបាតុករ។ ក្បួនបាតុកម្មត្រូវបានធ្វើឡើងនៅក្បែរវិមានរដ្ឋសភារបស់រដ្ឋាភិបាលនូវែលសេឡង់ ដោយបាតុកម្មត្រូវបានធ្វើឡើងក្រោមប្រធានបទ “បោះជំរុំដើម្បីសេរីភាព” ។

ប្រភពខាងលើបានបន្តថា ក្រុមបាតុករបាននាំចាក់ភ្លេង​ រាំ ដើរជាក្បួន និងបោះតង់តាមដងផ្លូវ ហើយអាជ្ញាធរបានដាក់ពង្រាយក្រុមប៉ូលិសជាច្រើននាក់ដើម្បីការពារសុវត្ថិភាពសាធារណៈ។ ប៉ូលិសនូវែលសេឡង់បានបាញ់ស្រ្ពាយដើម្បីបំបែកហ្វូងបាតុករនិងបានឃាត់ខ្លួនបាតុករចំនួន ១១២នាក់ផងដែរ ព្រោះពួកគេបានធ្វើសកម្មភាពលើសពីសិទ្ធស្តីពីការធ្វើបាតុកម្មដោយអហិង្សា។ គួររម្លឹកថា បាតុកម្មបានផ្តើមកើតឡើងកាលពីថ្ងៃអង្គារដោយផ្តើមពីមនុស្សប្រមាណជា ២៥០នាក់ ហើយរហូតទល់នឹងថ្ងៃសុក្រ ទី១១ ខែកុម្ភៈនេះ ចំនួនបាតុករបានកើនឡើងប្រហែល ១៥,០០០នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: