ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៦,៣៣០នាក់ ខណៈតួលេខអ្នកឆ្លងជាកុមារអាយុ ៥-១១ឆ្នាំមានការកើនឡើងគួរឲ្យកត់សម្គាល់
- BY
- Pheakdey
- February 12, 2022
ថៃ៖ នៅព្រឹកថ្ងៃសោរ៍ ទី១២ ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦,៣៣០ នាក់ ខណៈចំនួននេះគឺមានការកើនឡើងបើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃកន្លងទៅ។ ចំពោះករណីស្លាប់វិញគឺមានចំនួន ២៥នាក់ ដែលចំនួននេះមានការកើនឡើងបន្តិចដោយកាលពីថ្ងៃម្សិលមិញនេះតួលេខអ្នកស្លាប់នៅក្នុងប្រទេសថៃមានត្រឹមចំនួន ២៣នាក់ប៉ុណ្ណោះ។ បើតាមអជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ១៦,១៨០នាក់ជាករណីឆ្លងនៅក្នុងសហគមន៍ក្នុងចំណោមពលរដ្ឋថៃ ខណៈអ្នកឆ្លងចំនួន ១៥០នាក់ផ្សេងទៀតជាករណីនាំចូលពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិ។

អាជ្ញាធរសុខាភិបាលថៃក៏បានឲ្យដឹងផងដែរថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ជាកុមារដែលមានអាយុចាប់ពី ៥-១១ឆ្នាំ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយកាលពីចន្លោះខែធ្នូ ឆ្នាំ២០២០ ដល់ ខែមីនា ឆ្នាំ២០២១ តួលេខអ្នកឆ្លងជាកុមារមាន ១% ហើយចាប់ពីចន្លោះខែមេសា -ឆ្នូ ឆ្នាំ២០២១ តួលេខបានកើនឡើងដល់ ៦,២% និងនៅចន្លោះខែមករា-កុម្ភៈ ឆ្នាំ ២០២២ នេះតួលេខបានបន្តកើនឡើងដល់ ៦,៦%។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ២,៥លាននាក់ និងស្លាប់សរុបជាង ២ម៉ឺននាក់។ ចំពោះផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ គឺអាជ្ញាធរសុខាភិបាលថៃបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានរួចរាល់បាន ៧០% និង ២៤%បានចាក់ដល់ដូសជម្រុញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






