អន្តរជាតិ

វៀតណាមនឹងលុបចោលវិធានការរឹតបន្តឹងជើងហោះហើរអន្តរជាតិចាប់ពីពាក់កណ្តាលខែកុម្ភៈនេះ

BY
Pheakdey
February 14, 2022

វៀតណាម៖ ប្រទេសវៀតណាមបានសម្រេចលុបចោលវិធានការរឹតបន្តឹងជើងហោះហើរអន្តរជាតិហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី ១៣ ខែកុម្ភៈម្សិលមិញនេះ។ ការសម្រេចលុបចោលវិធានការតឹងរឹងចំពោះអ្នកដំណើរអន្តរជាតិនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈនេះតទៅនិងត្រូវអនុវត្តចំពោះអ្នកដំណើរមកពីគ្រប់បណ្តាប្រទេសទាំងអស់ដោយមិនគិតថាប្រទេសនោះមានហានិភ័យនៃការរាតត្បាតជំងឺកូវីដ-១៩ កម្រិតខ្ពស់ឬទាបនោះទេ។

បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ចាប់ពីពាក់កណ្តាលខែកុម្ភៈនេះតទៅគឺវៀតណាមនឹងបើកច្រកព្រំដែនប្រទេសទទួលជើងហោះហើរជាធម្មតាវិញ ពោលគឺលែងកំណត់ចំនួនជើងហោះហើរទៀតហើយ ខណៈអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចត្រូវកំណត់ឲ្យធ្វើចត្តាឡីស័កក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។

ការសម្រេចនេះត្រូវបានធ្វើឡើងក្នុងគោលបំណងស្តារវិស័យទេសចរណ៍អន្តរជាតិឡើងវិញ ដ្បិតវិស័យនេះអាចជួយបង្កើតប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិវៀតណាមប្រមាណជា ១០% នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាមផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះវៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបប្រមា​ណជា ២,៥លាននាក់ និងស្លាប់ប្រហែល ៣៩,០០០នាក់។ ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩វិញគឺអាជ្ញាធរវៀតណាមអាចសម្រេចការចាក់វ៉ាក់សាំងចំនួន ២ដូសជូនពលរដ្ឋខ្លួនបានចំនួន ៩៨% នៃពលរដ្ឋសរុបចំនួន ៩៨លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: