អ្នកជំនាញសុខាភិបាលថៃព្រមានពីផលប៉ះពាល់ដល់សុខភាព ចំពោះម្ហូបថ្មីមួយនេះដែលកំពុងល្បីខ្លាំងនៅប្រទេសថៃ
- BY
- Pheakdey
- February 14, 2022
ថៃ៖ អ្នកជំនាញផ្នែកសុខភាពថៃបានធ្វើការព្រមានថា អាហារសមុទ្រមួយប្រភេទដែលកំពុងល្បីខ្លាំងនៅតាមបណ្តាញសង្គមក្នុងប្រទេសថៃអាចបង្កគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ អាហារដែលកំពុងទទួលបានការពេញនិយមខ្លាំងក្នុងចំណោមពលរដ្ឋថៃនោះមានឈ្មោះថា “Squid shots” ដែលជាការញ៉ាំមឹកតូចៗទាំងរស់ដោយដាក់បន្ថែមនូវទឹកជ្រលក់មានរសជាតិហឹរដាក់នៅក្នុងកូនកែវតូចៗ។

បើតាមលោកវេជ្ជបណ្ឌិត Pakpoom Dejhasadin ដែលជាអ្នកបច្ចេកទេសវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមនិងនៅសមាគមកាកបាទក្រហមថៃបានឲ្យដឹងថា “Squid shots” មានភាពទាក់ទាញនិងមានរសជាតិឆ្ងាញ់ តែវាក៏អាចបង្កគ្រោះថ្នាក់ចំពោះសុខភាពអ្នកទទួលទានផងដែរ ព្រោះមឹករស់ដែលគេញ៉ាំនោះអាចមានផ្ទុកនូវព្រូនប្រវែងពី ២-៥ សង់ទីម៉ែត្រ និងបាក់តេរីអាក្រក់យ៉ាងច្រើនផងដែរ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា បាក់តេរីអាក្រក់ដែលមាននៅក្នុងមឹកនោះអាចធ្វើឲ្យអ្នកទទួលទានមានអាការៈដូចជា ក្អួត វិលមុខ ឈឺក្បាល ឈឺពោះ រាគ និងញ័រខ្លួនជាដើម ក្រោយពេលញ៉ាំបាន ១២-២៤ ម៉ោង។ លោកអ្នកអាចទស្សនាសកម្មភាពនៃការទទួលទានអាហារដែលកំពុងពេញនិយមនេះដូចក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






