អន្តរជាតិ

ឥណ្ឌូនេស៊ីសម្រេចបន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កចំពោះអ្នកដំណើរពី ៥ថ្ងៃមកត្រឹម ៣ថ្ងៃ ហើយអាចនឹងលុបចោលទាំងស្រុងតែម្តងនៅអំឡុងខែមេសាខាងមុខ

BY
Pheakdey
February 15, 2022

ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈម្សិលមិញនេះបានឲ្យដឹងថា អាជ្ញាធរឥណ្ឌូនេស៊ីនឹងកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិពី ៥ថ្ងៃ មកដល់ត្រឹម ៣ថ្ងៃប៉ុណ្ណោះ ដោយវិធានការថ្មីនេះនឹងត្រូវផ្តើមអនុវត្តនៅដើមសប្តាហ៍ក្រោយនឹងអនុវត្តចំពោះក្រុមអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់ចំនួន ៣ដូស។ បើតាមលោក Luhut Panjaitan ដែលជាសមាជិកគណៈរដ្ឋមន្ត្រីទទួលបន្ទុកឆ្លើយតបជំងឺរាតត្បាតនៅកោះចាវ៉ានិងកោះបាលីបានឲ្យដឹងទៀតថា​ រដ្ឋាភិបាលឥណ្ឌូនេស៊ីក៏កំពុងពិចារណាលុបចោលវិធានការធ្វើចត្តាឡីស័កទាំងស្រុងតែម្តងនៅក្នុងខែមេសាខាងមុខនេះ។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌូនេស៊ីរូបនេះបានបន្តថា គម្រោងលុបចោលការធ្វើចត្តាឡីស័កត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលត្រូវទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌូនេស៊ីបានថយចុះនៅត្រឹមកម្រិតដែលគេអាចគ្រប់គ្រងបាន ខណៈផែនការនេះក៏ត្រូវបានដាក់ចេញក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍អន្តរជាតិផងដែរ ដ្បិតវិស័យនេះគឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិឥណ្ឌូនេស៊ី។ គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈម្សិលមិញនេះអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាង ៣ពាន់នាក់និងស្លាប់ជាង ១រយនាក់ប៉ុណ្ណោះ ខណៈនាពេលកន្លងតួលេខអ្នកស្លាប់ ប្រចាំថ្ងៃនៅឥណ្ឌូនេស៊ីមានរហូតដល់ខ្ទង់រាប់ពាន់ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: