អន្តរជាតិ

ចម្លែកមែនទែន! បក្សីរាប់រយក្បាលហោះសុខៗ ស្រាប់ធ្លាក់ពីលើមេឃមកពេញផ្លូវក្នុងប្រទេសមិចស៊ីកូ ដោយមិនដឹងមូលហេតុ (មានវីដេអូ)

BY
Pheakdey
February 15, 2022

មិចស៊ីកូ៖ សត្វបក្សីរាប់រយក្បាលបានធ្លាក់មកពីលើមេឃនិងបានបាត់បង់ជីវិតរាយប៉ាយពេញដងផ្លូវដោយមិនដឹងមូលហេតុនៅក្នុងប្រទេសមិចស៊ីកូ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ម្សិលមិញនេះ។ ប្រភពបានបន្តថា ហេតុការណ៍នេះត្រូវបានគេប្រទះឃើញនៅតាមបណ្ដោយផ្លូវក្នុងតំបន់ Alvaro Obregon ក្រុង Cuauhtemoc នៃរដ្ឋ Chihuahua ដែលជារដ្ឋស្ថិតនៅតំបន់ភាគខាងជើងឆៀងខាងត្បូងនៃប្រទេសមិចស៊ីកូ។

សត្វបក្សីដែលបានបាត់បង់ជីវិតបន្តបន្ទាប់គ្នានោះភាគច្រើនជាប្រភេទបក្សី ដែលមានខ្លួនខ្មៅ និងក្បាលលឿន ហើយតាមការសង្កេតមើលគឺក្រុមបក្សីទាំងនេះបានធ្វើការហោះហើរចេញមកពីប្រទេសកាណាដាឆ្ពោះទៅតំបន់ភាគខាងត្បូងនៃប្រទេសមិចស៊ីកូ ដើម្បីស្វែងរកជំរកថ្មីនៅទីនោះ។ ចំពោះមូលហេតុនៃការបាត់បង់ជីវិតវិញត្រូវបានគេសន្និដ្ឋានជាបឋមថា ក្រុមបក្សីទំនងជាពុលនឹងផ្សែងដែលបានភាយចេញពីម៉ាស៊ីនកម្ដៅ ឬអាចឆក់ខ្សែភ្លើងក្នុងពេលដែលពួកវានាំគ្នាទៅទំនៅលើខ្សែភ្លើងឬបង្គោលភ្លើងណាមួយដែលមានចរន្តអគ្គិសនីឆ្លងកាត់។​ យ៉ាងណាក្តី ការសន្និដ្ឋាននេះគឺត្រូវបានធ្វើឡើងដោយគ្មានភស្តុតាងជាក់លាក់នោះ ហើយពេលនេះអាជ្ញាធរមិចស៊ិកូកំពុងធ្វើការស៊ើបអង្កេតជុំវិញករណីឲ្យបានស៊ីជម្រៅផងដែរ ដើម្បីស្វែករកឲ្យឃើញការពិតដែលបង្កសត្វបក្សីរាប់រយក្បាលត្រូវបាត់បង់ជីវិតបន្តបន្ទាប់គ្នាយ៉ាងចម្លែកដូចនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail

Share This Post: