អន្តរជាតិ

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ ក្រោយប្រទះឃើញសត្វពស់មួយក្បាលកំពុងវារនៅកន្លែងអ្នកបើកបរ

BY
Pheakdey
February 16, 2022

ម៉ាឡេស៊ី៖ កាសែត បាងកកប៉ុស្តិ៍ កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈកន្លងទៅនេះបានរាយការណ៍ថា មានយន្តហោះដឹកនាំអ្នកដំណើរមួយគ្រឿងត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ក្រោយគេបានរកឃើញថា មានសត្វពស់មួយក្បាលកំពុងវារនៅលើយន្តហោះនោះ។ ហេតុការណ៍ដ៏កម្រនេះត្រូវបានកើតឡើងក្នុងយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ខណៈដែលយន្តហោះមួយគ្រឿងនេះកំពុងដឹកអ្នកដំណើរចេញពីទីក្រុងកូឡាឡាំពួឆ្ពោះទៅកាន់ទីក្រុងតាវ ស្ថិតនៅលើកោះបូណេអូ ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយរបស់ម៉ាឡេស៊ី។

ប្រភពខាងលើបានបន្តថា សត្វពស់ដែលគេមិនស្គាល់ប្រភេទច្បាស់នោះត្រូវបានគេប្រទះឃើញវារនៅក្នុងប្រអប់អំពូលភ្លើងដែលស្ថិតនៅក្នុងកន្លែងអ្នកបើកបរ ហើយភ្លាមៗនោះក្រុមអ្នកបើកបរយន្តហោះក៏សម្រេចទាញសញ្ញាអាសន្នតែម្តង។ យន្តហោះបានចុះចតជាបន្ទាន់នៅក្នុងទីក្រុងគូឈីងដែលមានចម្ងាយប្រមាណជា ៩០០គីឡូម៉ែត្រពីទីក្រុងគោលដៅដែលយន្តត្រូវចុះចតតាមការកំណត់ទុក។ ក្រោយយន្តហោះបានធ្វើការចុះចត អ្នកដំណើរទាំងអស់ត្រូវបានប្តូរជើងហោះហើរឲ្យទៅជិះយន្តហោះមួយផ្សេងទៀតដើម្បីបន្តដំណើរ ខណៈហេតុការណ៍ដ៏កម្រក្នុងវិស័យអាកាសចរណ៍មួយនេះមិនបានបង្កគ្រោះថ្នាក់ចំពោះអ្នកណាម្នាក់នោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: