អន្តរជាតិ

ស្រ្តីម្នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ 100% ពីជំងឺអេដស៍ជាលើកដំបូងបង្អស់ក្នុងពិភពលោក

BY
Pheakdey
February 16, 2022

អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា មានស្រ្តីម្នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ១០០% ពីជំងឺអេដស៍ហើយរូបគាត់ក៏ជាស្រ្តីដំបូងបង្អស់ក្នុងពិភពលោកផងដែរ ដែលទទួលបានការព្យាបាលដ៏ពិសេសនេះ។ ស្រ្តីរូបនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណពិតប្រាកដនោះទេ តែរូបគាត់ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះថា “អ្នកជំងឺក្រុងញូវយ៉ក” សម្រាប់នៅក្នុងបេសកកម្មព្យាបាលដ៏កម្រនេះ។ ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិកបានប្រាប់ឲ្យដឹងថា ការព្យាបាលឲ្យស្រ្តីរូបនេះជាសះស្បើយពីជំងឺអេដស៍មិនមែនជារឿងាយស្រួលឡើយ ព្រោះវាមិនមែនជាការលេបថ្នាំឬចាក់ថ្នាំដើម្បីសម្លាប់មេរោគនៅក្នុងខ្លួនអ្នកជំងឺនោះទេ។

បើតាមអ្នកវិទ្យាសាស្រ្តម្នាក់ប្រចាំនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cornell ក្នុងក្រុងញូវយ៉ក បានពន្យល់ថា គេបានប្រើប្រាស់វិធីវះកាត់ផ្លាស់ប្តូរយកកោសិកាដើមចេញពីក្នុងខ្លួនអ្នកជំងឺនិងដាក់ជំនួសមកវិញនូវកោសិការបស់មនុស្សផ្សេងម្នាក់ទៀតដែលគ្មានផ្ទុកមេរោគអេដស៍។ ដើម្បីទទួលបានការព្យាបាលនេះដំបូងឡើយគេត្រូវការមានអ្នកស្ម័គ្រចិត្តបរិច្ចាគកោសិកាខ្លួនឯងជាមុនសិន ហើយជាទូទៅការបរិច្ចាគនេះត្រូវបានធ្វើឡើងដោយអ្នកជំងឺដែលដឹងថាខ្លួនជិតស្លាប់ទៅហើយ។ ក្រោយទទួលបានកោសិកាសម្រាប់ផ្លាស់ប្តូរហើយ​ គេក៏ត្រូវការពេលវេលាយូរផងដែរសម្រាប់វះកាត់ប្តូរ កោសិកាទាំងអស់នោះបន្តិចម្តងៗ ជាក់ស្តែងគេត្រូវការពេលវេលារហូតដល់ ៤ឆ្នាំ ដើម្បីផ្លាស់ប្តូរកោសិកាដែលមានផ្ទុកជំងឺអេដស៍និងមហារីកចេញពីក្នុងខ្លួនស្រ្តីអ្នកជំងឺខាងលើនេះ។

អ្នកវិទ្យាសាស្រ្តដដែលនេះក៏បានបញ្ជាក់ផងដែរថា វិធីព្យាបាលនេះមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះជីវិតអ្នកជំងឺ ដូចនេះក្រុមអ្នកវិទ្យាសាស្រ្តបានសម្រេចប្រើប្រាស់វិធីព្យាបាលនេះចំពោះតែអ្នកជំងឺអេដស៍ណាដែលមានបន្ថែមនូវជំងឺមហារីកកម្រិតធ្ងន់ប៉ុណ្ណោះ ព្រោះថាអ្នកជំងឺនៅក្នុងស្ថានភាពបែបនេះគឺមានហានិភ័យខ្ពស់ក្នុងការស្លាប់បាត់បង់ជីវិតរួចទៅហើយ បើទោះជាមិនធ្វើការវះកាត់ប្តូរកោសិកាក៏ដោយ។ គួររម្លឹកផងដែរថា នាពេលកន្លងមកមានជំងឺអេដស៍ចំនួន ៣នាក់រួចមកហើយ ដែលត្រូវបានគេព្យាបាលឲ្យជាសះស្បើយតាមវិធីដូចគ្នានេះ តែអ្នកជំងឺទាំងអស់នោះសុទ្ធតែជាបុរស ខណៈអ្នកជំងឺទី ៤នេះគឺជាស្ត្រីដំបូងគេតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: