អន្តរជាតិ

ទៀតហើយ! រថយន្តដឹកទំនិញវៀតណាមរាប់ពាន់គ្រឿងត្រូវជាប់គាំងជាច្រើនថ្ងៃ ក្រោយអាជ្ញាធរចិនបិទច្រកព្រំដែន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

BY
Pheakdey
February 17, 2022

វៀតណាម៖ ក្រុមអ្នកបើកបររថយន្តដឹកទំនិញនិងក្រុមអ្នកនាំទំនិញចេញពីប្រទេសវៀតណាមឆ្ពោះទៅក្នុងប្រទេសចិនជាច្រើននាក់កំពុងប្រឈមនឹងភាពតានតឹងយ៉ាងខ្លាំងទាំងសម្ពាធការងារនិងការខាតបង់ប្រាក់ចំណូល ក្រោយអាជ្ញាធរចិនបានសម្រេចបិទច្រកទ្វារព្រំដែលមួយរយៈដើម្បីទប់ស្កាត់មេរោគជំងឺកូវីដ-១៩។ យោងតាមសេចក្តីរាយការណ៍របស់កាសែត VN Express បានឲ្យដឹងថា មានរថយន្តដឹកទំនិញកសិកម្មរបស់វៀតណាមជាង ១,៨០០គ្រឿងត្រូវបានជាប់គាំងនៅច្រកព្រំដែន Huu Nghi ដែលស្ថិតនៅក្នុងក្រុង Lang Son នៃប្រទេសវៀតណាមជាងមួយសប្តាហ៍មកហើយ ខណៈគេមិនបានដឹងច្បាស់ថា ពេលណាទើបអាជ្ញាធរចិនបើកទ្វារព្រំដែនអនុញ្ញាតឲ្យពលរដ្ឋវៀតណាមអាចនាំទំនិញទាំងនោះចូលទៅក្នុងប្រទេសចិនបាននោះទេ។

អ្នកបើកបររថយន្តដឹកទំនិញម្នាក់បានប្រាប់ឲ្យដឹងថា គាត់បានធ្វើដំណើរមកពីខេត្ត Long An ​ភាគខាងត្បូងប្រទេសវៀតណាម ដែលមានចម្ងាយប្រមាណជា ១,៨០០ គីឡូម៉ែត្រពីច្រកព្រំដែន Huu Nghi នេះ ហើយរូបគាត់បានទទួលប្រាក់ឈ្មួលប្រចាំថ្ងៃចំនួន ២០០,០០០ ដុង (៨,៨០ ដុល្លារ) ។ អ្នកបើកបររូបនេះបានបន្តថា នៅពេលដែលរថយន្តដឹកទំនិញត្រូវជាប់គាំងដូចនេះគាត់ត្រូវបង្ខំចិត្តដេកនៅក្នុងរថយន្តនិងបរិភោគតែមីកំប៉ុងប៉ុណ្ណោះ ដើម្បីរង់ចាំបន្តការងាររបស់គាត់ទៀត។

ដោយឡែកក្រុមហ៊ុន The Thai Viet Trung International Transport Company ដែលក្រុមហ៊ុននាំទំនិញចេញដ៏ធំមួយរបស់វៀតណាមបានឲ្យដឹងផងដែរថា ក្រុមហ៊ុនបានខាតបង់ប្រាក់ប្រមាណជា ៦០-៨០ លានដុង (២,៦៣៥-៣,៥១៥ ដុល្លារ) ក្នុងមួយថ្ងៃដោយសាតែភាពជាប់គាំងនេះ ដ្បិតរថយន្តដឹកទំនិញមួយគ្រឿងត្រូវចំណាយប្រាក់ចំនួន ១០លានដុង (៤៤០ដុល្លារ) រួចទៅហើយដើម្បីបើកមកដល់ច្រកព្រំដែននេះ ខណៈខាងក្រុមហ៊ុនមានរថយន្តជាច្រើនគ្រឿងកំពុងជាប់គាំង។

អ្វីដែលជាការកត់សម្គាល់មួយទៀតនោះ ទំនិញកសិកម្មដែលកំពុងជាប់គាំងនោះក៏អាចខូចគុណភាពទាំងស្រុងផងដែរ ប្រសិនបើការជាប់គាំងត្រូវពន្យាពេលកាន់តែយូរថ្ងៃបន្ថែមទៀត ហើយវាក៏ជាការខាតបង់ប្រាក់ចំណូលយ៉ាងច្រើនផងដែរសម្រាប់ម្ចាស់ទំនិញទាំងអស់នោះ។ គួររម្លឹកជូនថា នាពេលកន្លងមកអាជ្ញាធរសុខាភិបាលចិនធ្លាប់បានរកឃើញមានមេរោគជំងឺកូវីដ-១៩ នៅក្នុងផ្លែស្រកានាគដែលបាននាំចូលពីវៀតណាម ហើយភា្លមនោះអាជ្ញាធរចិនក៏សម្រេចបិទមិនឲ្យមានការនាំចូលទំនិញពីវៀតណាមតែម្តង ខណៈអាជ្ញាធរចិនមិនបានប្រាប់ពីពេលវេលាជាក់លាក់នៃការបើកច្រកព្រំដែនឡើងវិញនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ VN Express

 

Share This Post: