អន្តរជាតិ

ហុងកុងគ្រោងធ្វើតេស្តពលរដ្ឋទាំងអស់សរុបជាង ៧,៣លាននាក់ ក្រោយមេរោគអូមីក្រុងរាតត្បាតកាន់តែខ្លាំង

BY
Pheakdey
February 19, 2022

ហុងកុង៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ម្សិលមិញនេះបានឲ្យដឹងថា អាជ្ញាធរហុងកុងគ្រោងនឹងធ្វើតេស្តរកជំងឺកូវីដ-១៩ក្នុងចំណោមពលរដ្ឋខ្លួនទាំងអស់ក្រោយមេរោគបំប្លែងខ្លួនអូមីក្រុងបន្តរាតត្បាតកាន់តែខ្លាំង ខណៈបច្ចុប្បន្ននេះហុងកុងមានពលរដ្ឋសរុបជាង ៧,៣ លាននាក់។ បើតាមលោកស្រី Carrie Lam បានឲ្យដឹងថា អាជ្ញាធរចិននឹងជួយគាំទ្រចំពោះវិធានការធ្វើតេស្តទ្រង់ទ្រាយធំនេះ តែរហូតមកទល់នឹងពេលនេះកាលបរិច្ឆេទជាក់លាក់នៃការធ្វើតេស្តនៅមិនទាន់បានបញ្ជាក់នៅឡើយទេ។

គួរបញ្ជាក់ជូនថា មេរោគបំប្លែងខ្លួនអូមីក្រុងកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅទូទាំងក្រុងហុងកុង រហូតធ្វើឲ្យមន្ទីរពេទ្យជាច្រើនត្រូវផ្ទុកអ្នកជំងឺលើសចំនួនកំណត់ ខណៈអ្នកជំងឺមួយចំនួនសម្រេចដេកនៅក្នុងតង់ក្បែរមន្ទីរពេទ្យទៀតផងដើម្បីរង់ចាំចូលព្យាបាល។ សម្រាប់អាជ្ញាធរហុងកុងវិញបានត្រៀមកន្លែងធ្វើចត្តាឡីស័កនិងសម្ភារៈបរិក្ខាពេទ្យជាច្រើនដើម្បីឆ្លើយតបនឹងរលកនៃការរាតត្បាតនេះ ខណៈរដ្ឋាភិបាលហុងកុងក៏បានសម្រេចលុបចោលកិច្ចប្រជុំនិងការជួបជុំសំខាន់ជាច្រើនផងដែរដើម្បីកាត់បន្ថយការចម្លងនៅតាមសហគមន៍។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះហុងកុងបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបជាង ៤ម៉ឺននាក់ និងស្លាប់ ២៥៨នាក់ ខណៈពលរដ្ឋហុងកុងចំនួន ៦៦,៧%បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូសនិង ១៦%បានចាក់ដល់ដូសជម្រុញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: