អន្តរជាតិ

ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ជាង ១,៨ម៉ឺនាក់ ខណៈអាជ្ញាធរសម្រេចប្រកាសអាសន្នកម្រិត ៤នៅទូទាំងប្រទេស

BY
Pheakdey
February 22, 2022

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈនេះបានឲ្យដឹងថា អាជ្ញាធរថៃបានសម្រេចប្រកាសអាសន្នកម្រិត ៤ ជាផ្លូវការហើយ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបន្តកើនឡើងគួរឲ្យព្រួយបារម្ភក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ថៃបានបញ្ជាក់ថា ការប្រកាសអាសន្នកម្រិត ៤នឹងត្រូវអនុវត្តនៅទូទាំងប្រទេសថៃ ហើយតំបន់ដែលមានហានិភ័យនៃការចម្លងខ្ពស់នឹងត្រូវដាក់បន្ថែមនូវវិធានការតឹងរឹងមួយចំនួនទៀត តែយ៉ាងណាក្តី​គ្មានការដាក់ចេញនូវវិធានការបិទខ្ទប់នោះទេ។

គួររម្លឹកជូនថា នាពេលកន្លងមកការប្រកាសអាសន្នកម្រិត ៤ដែលជាកម្រិតធ្ងន់ធ្ងរមួយត្រូវបានដាក់ចេញចំពោះតែតំបន់មានការឆ្លងខ្លាំង ឬហៅថា “តំបន់ក្រហម” មួយចំនួនប៉ុណ្ណោះ​ តែពេលនេះការប្រកាសអាសន្នកម្រិត ៤នឹងត្រូវគ្របដណ្ដប់នៅទូទាំងប្រទេសតែម្តង ព្រោះរលកនៃចម្លងកូវីដ-១៩ អូមីក្រុងបានរាតត្បាតនៅទូទាំងប្រទេសហើយ។ សូមបញ្ជាក់ជូនថា នៅក្នុងថ្ងៃអង្គារ ទី២២​ ខែកុម្ភៈនេះ​ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៨,៣៦៣នាក់ និងស្លាប់ ៣៥នាក់ដែលជាតួលេខកើនឡើងមួយបើធៀបនឹងរយៈពេលកន្លងមក ហើយបើគិតជាសរុបរួមនៅពេលនេះថៃមានតួលេខអ្នកឆ្លងកូវីដ-១៩ ជាង ២,៧លាននាក់ និងស្លាប់ជាង ២ម៉ឺននាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: