ថៃកំពុងជម្រុញឲ្យមានការនាំយកអាហារថៃទៅកាន់ទីអវកាសជាលើកដំបូងបង្អស់ក្នុងពិភពលោក
- BY
- Pheakdey
- February 23, 2022
ថៃ៖ ទីភ្នាក់ងារអវកាសរបស់ប្រទេសថៃកំពុងតែជម្រុញឲ្យមានការនាំយកអាហារថៃទៅកាន់ទីអវកាសជាលើកដំបូងបង្អស់នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយនៅរបស់បណ្តាញសារព័ត៌មាន National Thailand កាលពីថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ម្សិលមិញនេះ។ ការជម្រុញឲ្យមានបេសកកម្មនាំយកអាហារទៅកាន់ទីអវកាសជាលើកដំបូងនេះត្រូវបានធ្វើឡើងក្រោយពីមានបុរសជនជាតិកាណាដាម្នាក់បានផលិតវីដេអូបង្ហោះអាហារថៃមួយប្រភេទទៅលើអាកាសកាលពីថ្ងៃទី ១០ ខែកុម្ភៈកន្លងទៅ ហើយវីដេអូទាំងស្រុងនៃសកម្មភាពដ៏កម្រនោះត្រូវបានទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យា (GISTDA) របស់ថៃយកទៅផ្សព្វផ្សាយបន្តជាសាធារណៈកាលពីពេលថ្មីៗនេះ។

ប្រភពខាងលើបានបញ្ជាក់ថា បុរសកាណាដារូបនោះមានឈ្មោះថា Chris Parker ជា YouTuber ហើយអាហារថៃដែលគាត់បានបង្ហោះលើអាកាសនោះមានឈ្មោះថា Spicy Pad Kaprao ដែលជាបាយសស្រោចពីលើដោយសាច់ជ្រូកឆាម្រះព្រៅ ម្ទេស និងបន្ថែមនូវពងចៀនមួយគ្រាប់ទៀងផង។ នៅក្នុងបេសកកម្មនោះគេបានប្រើប្រាស់បាឡុងតូចមួយដើម្បីហោះនាំយក Spicy Pad Kaprao ចំនួន ២ចានទៅលើអាកាស ដោយបាឡុងបានហោះក្នុងរយៈចម្ងាយប្រមាណជា ៣០-៣៥ គីឡូម៉ែត្រពីដី ហើយមួយថ្ងៃក្រោយមកទើបបាឡុងនោះបានធ្លាក់ចុះមកដល់ដីវិញ។ នៅលើបាឡុងមានបំពាក់នូវកាមេរ៉ាដែលអាចថតយករូប Spicy Pad Kaprao ពីលើអាកាសបាន ហើយគេក៏បានបំពាក់នូវបន្ទះឈីបដើម្បីតាមដានទីតាំងរបស់បាឡុងនោះផងដែរ។ អ្វីដែលជាការកត់សម្គាល់នោះគឺបេសកកម្មបង្ហោះអាហារទៅលើអាកាសនេះមានការចូលរួមទស្សនាពីក្រុមកូនសិស្សថៃជាច្រើននាក់ផងដែរ ហើយបេសកកម្មនេះក៏មានខ្លឹមសារជួយបណ្តុះស្មារតីដល់សិស្សានុសិស្សថៃជំនាន់ក្រោយឲ្យមានមហិច្ឆតាខ្ពស់ក្នុងការសម្រេចជោគជ័យថ្មីៗក្នុងវិស័យបច្ចេកវិទ្យានិងអវកាសដែលអាចបង្កើតជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសថៃផងដែរ។ លោកអ្នកអាចទស្សនាសកម្មភាពទាំងស្រុងនៃបេសកកម្បង្ហោះអាហារថៃទៅលើអាកាស ដូចក្នុងវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី
ប្រភព៖ National Thailand
- Share This Post:






