អន្តរជាតិ

ថៃនឹងលុបចោលវិធានការតឹងរឹងមួយចំនួនសម្រាប់អ្នកដំណើរអន្តរជាតិនៅដើមខែមីនានេះ

BY
Pheakdey
February 24, 2022

ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ថៃកាលពីថ្ងៃពុធ ទី២៣ ខែកុម្ភៈ ម្សិលមិញនេះបានប្រកាសថា អាជ្ញាធរថៃនឹងលុបចោលវិធានការតឹងរឹងមួយចំនួនសម្រាប់អ្នកដំណើរអន្តរជាតិនៅដើមខែមីនានេះហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ចាប់ពីដើមខែក្រោយនេះទៅអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់អាចធ្វើដំណើរទៅកាន់ប្រទេសបានដោយមិនចាំបាច់ត្រូវអនុវត្តវិធានាការធ្វើចត្តាឡីស័កនោះទេ ហើយជំនួសមកវិញពួកគេនឹងតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ដោយម៉ាស៊ីន PCR ភ្លាមពេលទៅដល់ប្រទេសថៃ និង ៥ថ្ងៃបន្ទាប់មកទៀតត្រូវធ្វើតេស្តដោយប្រើឧបករណ៍តេស្តរហ័សម្តងទៀត។

យ៉ាងណាក្តី មុនពេលធ្វើដំណើរមកកាន់ប្រទេសថៃអ្នកដំណើរអន្តរជាតិទាំងអស់ក៏តម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីន PCR ក្នុងរយៈពេល ៧២ម៉ោងមុនពេលចេញដំណើរផងដែរ ហើយពេលមកដល់ប្រទេសថៃពួកគេត្រូវសម្រាកនៅក្នុងសណ្ឋាគារមួយយប់ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តដោយម៉ាស៊ីន PCRរបស់អាជ្ញាធរថៃ។ បន្ទាប់មកអ្នកដំណើរគ្រប់រូបត្រូវដំឡើងកម្មវិធី Mor Chana នៅក្នុងទូរស័ព្ទដៃដើម្បីផ្ញើរលទ្ធផលតេស្តដោយឧបករណ៍តេស្តរហ័សមកកាន់អាជ្ញាធរថៃ ដែលតេស្តនេះពួកគេត្រូវធ្វើដោយខ្លួនឯងក្នុងរយៈពេល ៥ថ្ងៃបន្ទាប់។ ក្រៅតែពីបានបន្ធូរបន្ថយវិធានការដូចបានជម្រាបជូនខាងលើនេះ អាជ្ញាធរថៃក៏បានសម្រេចកាត់បន្ថយប្រាក់សម្រាប់ធានារ៉ាប់រងការធ្វើដំណើរពី ៥០,០០០ ដុល្លារ មកសល់ត្រឹម ២០,០០០ ដុល្លារផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: