អន្តរជាតិ

ថ្ងៃនេះ អ្នកឆ្លងកូវីដនៅថៃកើនដល់ ២៣,៥៥៧នាក់ ខណៈសាលាក្រុងបាងកកសម្រេចបង្កើតមន្ទីរពេទ្យនៅតាមសហគមន៍ ៩កន្លែងបន្ថែមទៀតដើម្បីត្រៀមទទួលអ្នកជំងឺ

BY
Pheakdey
February 24, 2022

ថៃ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤  ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ ចំនួន ២៣,៥៥៧នាក់ ដែលចំនួននេះគឺមានការកើនឡើងបើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ ចំពោះករណីស្លាប់វិញគឺមានចំនួន ៣៨នាក់ ដែលចំនួននេះមានការថយចុះបន្តិច ដោយកាលពីថ្ងៃម្សិលមិញនេះតួលេខអ្នកស្លាប់នៅក្នុងប្រទេសថៃមានចំនួន ៣៩នាក់។

បើតាមអជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ២៣,៣២៩នាក់ជាករណីឆ្លងនៅក្នុងសហគមន៍ក្នុងចំណោមពលរដ្ឋថៃ ខណៈអ្នកឆ្លងចំនួន ២២៨នាក់ផ្សេងទៀតជាករណីនាំចូលពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិ។ ឆ្លើយតបនឹងកំណើតអ្នកឆ្លងកូវីដ-១៩ ថ្មីជារៀងរាល់ថ្ងៃនេះ សាលារាជធានីបាងកកបានសម្រេចនឹងបង្កើតមជ្ឈមណ្ឌលមើលថែអ្នកជំងឺនៅតាមសហគមន៍ចំនួន ៩កន្លែងបន្ថែមទៀតផងដែរ ដើម្បីកាត់បន្ថយការកកស្ទះអ្នកជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យទូទៅនិងមន្ទីរពេទ្យយោធាក្នុងទីក្រុងបាងកក។ គួរបញ្ជាក់ជូនថា​ គិតត្រឹមពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ២,៧លាននាក់ និងស្លាប់សរុបជាង ២ម៉ឺននាក់។ ចំពោះផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ គឺអាជ្ញាធរសុខាភិបាលថៃបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានរួចរាល់បានជាង ៧០% និង ២៧%បានចាក់ដល់ដូសជម្រុញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: