អន្តរជាតិ

យ៉ាងហោចណាស់ នៅអ៊ុយក្រែនមានមនុស្ស១៣៧នាក់បានបាត់បង់ជីវិត និង៣១៦នាក់រងរបួស ក្នុងថ្ងៃដំបូងនៃការវាយប្រហារដោយរុស្ស៊ី

BY
Pheakdey
February 25, 2022

អ៊ុយក្រែន៖ បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកុម្ភៈនេះបានចុះផ្សាយថា គិតត្រឹមពេលនេះគឺរយៈពេលមួយដំបូងនៃការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនគឺវាបានបណ្តាលឲ្យមនុស្សចំនួន ១៣៧នាក់បានស្លាប់បាត់បង់ជីវិត។ បើតាមលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបញ្ជាក់បន្ថែមថា ក្រៅតែពីមានអ្នកស្លាប់ក៏មានពលរដ្ឋចំនួន ៣១៦នាក់ផ្សេងទៀតត្រូវរងរបួស និងពលរដ្ឋប្រមាណជា ១០០,០០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ ខណៈពលរដ្ឋមួយចំនួនត្រូវសម្ងំលាក់ខ្លួននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដើម្បីការពារខ្លួនពីគ្រាប់ផ្លោង។

គួររម្លឹកជូនថា រុស្ស៊ីបានបើកការវាយប្រហារទៅកាន់ប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយរុស្ស៊ីបានបាញ់មីស៊ីលនិងគ្រាប់ផ្លោងយ៉ាងច្រើនឆ្ពោះទៅកាន់ទីក្រុងគៀវ ដែលជារដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន។ ភ្លាមៗក្រោយការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី ប្រទេសធំៗនៅលោកខាងលិចដែលមានទាំងអាមេរិកផងបានធ្វើការផ្តោលទោសយ៉ាងខ្លាំងនិងបានសម្រេចដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅកាន់ប្រទេសរុស្ស៊ី។ យ៉ាង​ណាក្តី រុស្ស៊ីក្រោមការដឹកនាំរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហាក់មិនខ្លាចទណ្ឌកម្ម និងការផ្កោលទោសរបស់ប្រទេសណាមួយទាល់តែសោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: