អន្តរជាតិ

អ៊ុយក្រែនចេញបទបញ្ជាហាមមិនឲ្យពលរដ្ឋជាបុរសអាយុ ១៨-៦០ឆ្នាំធ្វើដំណើរចេញក្រៅប្រទេស

BY
Pheakdey
February 25, 2022

អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈម្សិលមិញនេះ បានចុះហត្ថលេខាលើបទបញ្ជាមួយអនុញ្ញាតឲ្យកងទ័ពទូទៅអាចធ្វើការចល័តនៅក្នុងទីក្រុងធំៗទាំងអស់ក្នុងប្រទេសអ៊ុយក្រែននិងរួមទាំងរដ្ឋធានីគៀវផងដែរ ក្នុងគោលបំណងដើម្បីធានាបាននូវការការពារជាតិពីការឈ្លានពានរបស់រុស្ស៊ី។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN បានបញ្ជាក់ថា បទបញ្ជាខាងលើនេះនឹងមានសុពលភាពក្នុងរយៈពេល ៩០ថ្ងៃរាប់ចាប់តាំងពីថ្ងៃចុះហត្ថលេខានេះតទៅ។

ស្របពេលនៃការអនុវត្តបទបញ្ជាខាងលើ រដ្ឋាភិបាលអ៊ុយក្រែនដែលកំពុងប្រើប្រាស់ច្បាប់អាជ្ញាសឹកនោះក៏បានសម្រេចហាមឃាត់មិនឲ្យពលរដ្ឋជាបុរសដែលមានអាយុចាប់ពី ១៨-៦០ឆ្នាំធ្វើដំណើរចេញពីប្រទេសឡើយ ខណៈបទបញ្ជាមួយនេះនឹងអស់សុពលភាពលុះត្រាតែប្រទេសអ៊ុយក្រែនឈប់អនុវត្តច្បាប់អាជ្ញាសឹក។ ឆ្លើយតបនឹងការហាមឃាត់នេះពលរដ្ឋអ៊ុយក្រែនម្នាក់គឺ លោក Andrew អាយុ ២៤ឆ្នាំបានប្រាប់ក្រុមអ្នកសារព័ត៌មានថា វាជាលើកដំបូងដែលរូបលោកត្រូវស្ថិតនៅក្នុងចំណោមពលរដ្ឋដែលត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញក្រៅប្រទេស ហើយរូបលោកនឹងនៅទីនេះ (ទឹកដីអ៊ុយក្រែន) ជាមួយរដ្ឋាភិបាលអ៊ុយក្រែនរហូតដល់ការឈ្លានពានរបស់រុស្ស៊ីត្រូវបានបញ្ចប់៕

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

Share This Post: