ប្រធានាធិបតីអ៊ុយក្រែននិយាយថា៖ រុស្ស៊ីនឹងបើកការវាយប្រហារដណ្តើមយករដ្ឋធានីគៀវនៅយប់នេះ
- BY
- Pheakdey
- February 26, 2022
អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានឲ្យដឹងនៅព្រឹកថ្ងៃសោរ៍ ទី២៦ ខែកុម្ភៈនេះថា កងកម្លាំងរុស្ស៊ីនឹងព្យាយាមវាយយករដ្ឋធានីគៀវឲ្យបាននៅយប់នេះហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ តាមរយៈវីដេអូមួយដែលជាការថ្លែងអំពីស្ថានការវិវឌ្ឍន៍ចុងក្រោងយរបស់ជាតិ លោកប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា៖ “ខ្ញុំត្រូវតែនិយាយដោយបើកចំហ គឺនៅយប់នេះយើងនឹងត្រូវជួបប្រទះនឹងស្ថានភាពដ៏លំបាកមួយ ព្រោះតែទាហ៊ានរុស្ស៊ីនឹងបើកការវាយប្រហារដណ្ដើមយករដ្ឋធានីគៀវ ខណៈទីក្រុងជាច្រើននៅក្នុងរដ្ឋរបស់យើងកំពុងស្ថិតក្រោមការវាយប្រហាររួចទៅហើយ”។

លោក Volodymyr Zelenskyy បានបន្តថា៖ “យើងមិនអាចបាត់បង់រដ្ឋធានីគៀវឡើយ ហើយខ្ញុំកំពុងធ្វើការផ្លាស់ប្តូរកម្លាំងការពាររបស់យើងទាំងប្រុសនិងស្រីនៅគ្រប់ទីកន្លែងដើម្បីត្រៀមទប់ទល់ជាមួយនឹងកងកម្លាំងរុស្ស៊ី”។ លោក Volodymyr Zelenskyy ក៏បានបានបញ្ជាក់ផងដែរថា រុស្ស៊ីអាចនឹងកម្ទេចកម្លាំងការពាររបស់អ៊ុយក្រែនតាមលក្ខណៈជារបៀបក្បត់ជាតិនិងអមនុស្សធម៌ជាទីបំផុត។ គួរបញ្ជាក់ជូនផងដែរថា មានពលរដ្ឋស៊ីវិលអ៊ុយក្រែនជាច្រើនសុទ្ធតែបានបង្ហាញឆន្ទៈថា ពួកគេនឹងនាំគ្នាទៅរារាំងក្បួនយោធារបស់រស្ស៊ីដែលមានគោលដៅឆ្ពោះមកកាន់ទីក្រុងគៀវបើទោះជាពួកគេគ្មានអាវុធនៅក្នុងដៃក៏ដោយ ខណៈក្រុមប្រទេសលោកខាងលិចបានព្រមានថា ប្រសិនបើពលរដ្ឋអ៊ុយក្រែនហ៊ានធ្វើដូចនេះមែន រុស្ស៊ីអាចនឹងប្រើប្រាស់គ្រាប់បែកប្រភេទ “father of all bombs” ដែលជាគ្រាប់បែកមានឥទ្ធិពលនិងអាចសម្លាប់មនុស្សយ៉ាងសាហាវបំផុតមកលើក្រុមពលរដ្ឋអ៊ុយក្រែនផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






