អន្តរជាតិ

ស៊យមែន! បុរសម្នាក់ខំរត់គេចពីសង្គ្រាមនៅអាហ្វហ្គានីស្ថានមករស់នៅអ៊ុយក្រែន សង្ឃឹមរស់នៅសុខស្រួល ឥលូវអ៊ុយក្រែនមានសង្គ្រាមដែរ ត្រូវរត់គេចម្តងទៀត

BY
Pheakdey
March 1, 2022

បណ្តាញសារព័ត៌មាន The Times of India បានចុះផ្សាយនូវអត្ថបទមួយរៀបរាប់ពីខ្សែជីវិតបុរសម្នាក់ដែលបានរត់គេចពីភ្លើងសង្គ្រាមនៅក្នុងប្រទេស ២ផ្សេងគ្នាក្នុងរយៈពេលត្រឹម ១ឆ្នាំចុងក្រោយនេះ។ បុរសរូបនេះមានឈ្មោះថា Ajmal Rahmani កាលពីឆ្នាំមុនគាត់បានភៀសខ្លួនចេញពីសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថានមករស់នៅក្នុងប្រទេសអ៊ុយក្រែន ហើយពេលនេះគាត់បានភៀសខ្លួនចេញពីសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសប៉ូឡូញជាបន្តទៀត ក្រោយពេលកងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារចូលក្នុងប្រទេសអ៊ុយក្រែនបានរយៈពេល ៤ថ្ងៃ។

ប្រភពខាងលើបានបន្តថា លោក Ajmal Rahmani មានអាយុជាង ៤០ ឆ្នាំ មានកូនប្រុសម្នាក់អាយុ ១១ឆ្នាំ កូនស្រីម្នាក់អាយុ ៧ឆ្នាំ និងប្រពន្ធម្នាក់អាយុប្រហាក់ប្រហែលគាត់។ លោក Ajmal Rahmani ធ្លាប់មានបទពិសោធន៍ធ្វើការងារជាមួយអង្គការ NATO អស់រយៈពេល ១៨ឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈការងារនោះបានធ្វើឲ្យរូបគាត់មានជីវភាពល្អប្រសើរមួយ ដោយរូបគាត់អាចមានលទ្ធភាពទិញផ្ទះ រថយន្តផ្ទាល់ខ្លួន និងទទួលបានប្រាក់ខែយ៉ាងច្រើនជាប្រចាំ។

យ៉ាងណាក្តីក្រោយអាមេរិកបានដកទ័ពចេញពីអាហ្វហ្គានីស្ថានកាលពីឆ្នាំមុន សុវត្ថិភាពរបស់ក្រុមគ្រួសារលោក Ajmal Rahmani ត្រូវទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំងរហូតរូបគាត់ក៏ត្រូវបង្ខំចិត្តលក់ផ្ទះនិងលក់រថយន្តហើយភៀសខ្លួនមកកាន់ប្រទេសអ៊ុយក្រែន។ ជាអកុសលនៅពេលនេះ​ភ្លើងសង្គ្រាមរបស់រុស្ស៊ីបានជម្រុញឲ្យលោក Ajmal Rahmani និងគ្រួសារត្រូវបន្តភៀសខ្លួនទៅកាន់ប្រទេសទី​ ៣មួយទៀត គឺប្រទេសប៉ូឡូញ។

លោក Ajmal Rahmani បានប្រាប់ឲ្យដឹងថា គាត់បានធ្វើដំណើរប្រមាណជា ១,១១០ គីឡូម៉ែត្រដើម្បីមកកាន់ច្រកព្រំដែនប្រទេសប៉ូឡូញ និងបន្តដំណើរដោយថ្មើរជើងជាង ៣០គីឡូម៉ែត្រទៀតទើបអាចឆ្លងចូលទៅក្នុងទឹកដីប្រទេសប៉ូឡូញបាន។ គួររម្លឹកជូនថា គិតត្រឹមពេលនេះអាជ្ញាធរប៉ូឡូញបានបញ្ជាក់ថា បានទទួលជនភៀសខ្លួនមកពីប្រទេសអ៊ុយក្រែនប្រមាណជា ២១៣,០០០នាក់ហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Times of India

Share This Post: