មិនមែនជាពលរដ្ឋអ៊ុយក្រែនឡើយ តែបុរសរូបនេះសុខចិត្តបែកប្រពន្ធកូន ចេញពីប្រទេសកំណើត ធ្វើដំណើររាប់ពាន់គីឡូដី ដើម្បីស្ម័គ្រមកជួយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី
- BY
- Pheakdey
- March 2, 2022
បណ្តាញសារព័ត៌មាន BBC បានរាយការណ៍ថា មានបុរសជនជាតិកាដាណាម្នាក់បានស្ម័គ្រចិត្តធ្វើដំណើរជាង ៨ពាន់គីឡូម៉ែត្រដើម្បីទៅចូលជួយកងកម្លាំងអ៊ុយក្រែននៅក្នុងសង្គ្រាមជាមួយនិងរុស្ស៊ី។ បុរសកាដាណារូបនេះមានឈ្មោះថា Anthony Walker អាយុ ២៩ ឆ្នាំ មានប្រពន្ធនិងកូន ៣នាក់ ហើយបច្ចុប្បន្នគ្រួសាររបស់គាត់កំពុងរស់នៅក្នុងទីក្រុងតូរ៉ុនតូ នៃប្រទេសកាដាណា។ ការសម្រេចទៅចូលរួមជួយកងកម្លាំងអ៊ុយក្រែនរបស់លោក Anthony Walker គឺត្រូវបានធ្វើដោយដោយការស្ម័គ្រចិត្តពីសំណាក់សាមីខ្លួនផ្ទាល់និ ងមានការយល់ព្រមពីសមាជិកនៅក្នុងគ្រួសារ តែវាមិនមែនជាគោលការណ៍របស់រដ្ឋាភិបាលនៃប្រទេសកាណាដានោះទេ។

ប្រភពខាងលើបានបន្តថា លោក Anthony Walker ពុំធ្លាប់មានបទពិសោធន៍ក្នុងវិស័យយោធានោះទេ ដោយនាពេលកន្លងមកលោកធ្លាប់ប្រកបមុខរបរជាជាងឈើនិងជាអ្នកបើករថយន្តធំៗ ហើយថ្មីៗនេះគាត់បានបន្តការសិក្សានៅក្នុងសាកលវិទ្យាល័យមួយកន្លែងក្នុងប្រទេសកាណាដា ដោយជ្រើសរើសជំនាញផ្នែកសុវត្ថិភាពតាមបណ្តាញអ៊ីនធឺណិត។
យ៉ាងណាក្តី លោក Anthony Walker ក៏ធ្លាប់បានរៀនជំនាញសង្គ្រោះបន្ទាន់ផងដែរ ដែលជាជំនាញគាត់អាចយកទៅជួយកងកម្លាំងអ៊ុយក្រែនបាន ហើយរូបលោកក៏អាចជួយបើកបររថយន្តទ្រុងធំៗសម្រាប់ចែកចាយសម្ភារៈយោធាទៅកាន់ក្រុមកងទ័ពផងដែរ។ លោក Anthony Walker បានប្រាប់អ្នកសារព័ត៌មានថា លោកមានសំណាងដែលបានកើតលើទឹកដីដែលមានសន្តិភាពពេញលេញ ហើយតាមគម្រោងគឺរូបលោកនឹងបន្តរស់នៅក្នុងប្រទេសកាណាដារហូតដល់អស់ជីវិត ពោលគឺមិនធ្លាប់គិតថានឹងទៅរស់នៅក្នុងប្រទេសណាផ្សេងទៀតឡើយ។
ប៉ុន្តែក្រោយប្រទះឃើញហេតុការណ៍ឈ្លានពាននៅអ៊ុយក្រែនពីសំណាក់កងទ័ពរុស្ស៊ី លោកផ្តើមមានទឹកចិត្តអាណិតនិងចង់ជួយអ៊ុយក្រែនយ៉ាងខ្លាំង ហើយលោកបានគិតទៀតថា ប្រសិនបើសង្គ្រាមនេះបានកើតឡើងនៅកាណាដា ពិតណាស់គាត់នឹងសម្រេចចិត្តចូលរួមជាកម្លាំងយោធាដើម្បីការពារទឹកដីរបស់គាត់។ គិតចុះគិតឡើង លោក Anthony Walker ក៏សម្រេចទៅចូលរួមជាមួយកងទ័ពអ៊ុយក្រែនតែម្តងដោយលោកយល់ឃើញថា ប្រទេសគេប្រទេសយើងគឺមានពលរដ្ឋរងគ្រោះដូចតែគ្នា មានការឈឺចាប់ដូចតែ ហើយក្នុងន័យមនុស្សធម៌គឺត្រូវតែចេះជួយគ្នាក្នុងគ្រាមានអាសន្ន។ គិតត្រឹមពេលនេះលោក Anthony Walker បានធ្វើដំណើរទៅដល់តំបន់ព្រំដែនប្រទេសប៉ូឡូញ-អ៊ុយក្រែនហើយ ខណៈរូបលោកនៅរង់ចាំក្រុមអ្នកស័្មគ្រចិត្តជាច្រើននាក់ទៀត មុនបន្តដំណើរទៅដល់តំបន់ដែលមានកងទ័ព៕
អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






