របាយការណ៍មួយបង្ហាញថា ចិនធ្លាប់ស្នើឲ្យរុស្ស៊ីពន្យាពេលកុំវាយចូលអ៊ុយក្រែនមុនពេលបិទបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងក្រុងប៉េកាំង
- BY
- Pheakdey
- March 3, 2022
យោងតាមរបាយការណ៍របស់បណ្តាញសារព័ត៌មាន New York Times ដែលជាការស្រង់សម្តីមន្រ្តីរដ្ឋបាលរបស់លោក ចូ បៃឌិន និងមន្ត្រីនៃសហភាពអ៊ឺរ៉ុបបានឲ្យដឹងថា កាលពីដើមខែកុម្ភៈកន្លងទៅនេះមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលចិនធ្លាប់បានស្នើសុំឲ្យមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីពន្យាពេលនៃការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន ពោលគឺកុំទាន់វាយចូលក្នុងប្រទេសអ៊ុយក្រែនមុនពេលដែលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងត្រូវបានបិទបញ្ជប់ជាផ្លូវការ។ គួររម្លឹកជូនថា ប្រទេសចិនបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តការណ៍កីឡាអូឡាំពិតរដូវរងារ កាលពីចន្លោះថ្ងៃទី ៤ដល់ថ្ងៃទី ២០ ខែកុម្ភៈ ខណៈព្រឹត្តិការណ៍មួយនេះមានសារៈសំខាន់បំផុតសម្រាប់រដ្ឋាភិបាលចិននៅលើឆាកអន្តរជាតិ។

ជុំវិញករណីស្នើសុំពន្យាពេលឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនប្រភពខាងលើបានបន្តថា មន្ត្រីជាន់ខ្ពស់ចិនហាក់បានដឹងមុនពីគម្រោងរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចំពោះការធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយភាគីខាងរុស្ស៊ីក៏បានយល់ព្រមធ្វើតាមសំណើនេះផងដែរ។ ជាក់ស្តែង ប្រតិបត្តិការណ៍ឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនពីសំណាក់កងទ័ពរុស្ស៊ីបានកើតឡើងកាលពីសប្តាហ៍មុន ពោលគឺក្រោយពេលប្រត្តិការណ៍កីឡាឡាំពិករដូវរងាក្រុងប៉េកាំងបានបិទបញ្ជប់តែបន្តិចប៉ុណ្ណោះ។ យ៉ាងណាក្តី លោក Liu Pengyu ដែលជាអ្នកនាំពាក្យឲ្យស្ថានទូតចិនប្រចាំនៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានដិសេដទាំងស្រុងចំពោះការលើកឡើងខាងលើនេះ ដោយអះអាងថាវាការសន្និដ្ឋានដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






