អន្តរជាតិ

ថៃអំពាវនាវឲ្យពលរដ្ឋវ័យចំណាស់ប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានមុនបុណ្យសង្ក្រាន្តថៃព្រោះអំឡុងពេលនោះនឹងមានការរាតត្បាតកូវីដ-១៩យ៉ាងខ្លាំង

BY
Pheakdey
March 5, 2022

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថៃ្ងសៅរ៍ ទី៥ ខែមីនានេះបានឲ្យដឹងថា អាជ្ញាធរសុខាភិបាលថៃបានអំពាវនាវឲ្យពលរដ្ឋវ័យចំណាស់ប្រមាណជា ២លាននាក់ត្រូវមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានរួចរាល់មុនពេលបុណ្យសង្ក្រាន្តថៃ ឬជាបុណ្យចូលឆ្នាំប្រពៃណីថៃចូលមកដល់នៅពាក់កណ្តាលខែមេសាខាងមុខនេះ។ សេចក្តីអំពាវនាវនេះត្រូវបានធ្វើឡើងក្រោយក្រុមអ្នកជំនាញបានព្យាករណ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលបុណ្យសង្ក្រាន្តថៃខាងមុខនេះ ពោលគឺអាចនឹងកើនដល់ខ្ទង់ ១០០,០០០នាក់ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ជូនផងដែរថា ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ជាមធ្យមនៅក្នុងប្រទេសថៃគឺមានជាង ២ម៉ឺននាក់ ខណៈអ្នកស្លាប់វិញមានមិនដល់ ១០០នាក់នោះទេ។ ជាក់ស្តែងនៅក្នុងថ្ងៃទី ៥ ខែមីនានេះ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២២,៨១៨នាក់និងស្លាប់ចំនួន ៥២នាក់ ដោយក្នុងនោះមានអ្នកឆ្លងចំនួន ១៣៧នាក់គឺជាការនាំចូលមកពីក្រៅប្រទេស។ គិតត្រឹមពេលនេះថៃមានតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៣លាននាក់ និងឆ្លងសរុបជាង ២,៣ម៉ឺននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖  បាងកកប៉ុស្តិ៍

Share This Post: