បូលិសថៃបញ្ជាក់ថាការបាត់បង់ជីវិតរបស់ Tangmo ជាគ្រោះថ្នាក់ចៃដន្យ តែជនសង្ស័យ ២នាក់ត្រូវបានចោទប្រកាន់ពីបទល្មើសមួយចំនួន
- BY
- Pheakdey
- March 7, 2022
ថៃ៖ របាយការណ៍នៃការស៊ើបអង្កេតជុំវិញករណីបាត់បង់ជីវិតរបស់តារាសម្តែងដ៏ល្បីរបស់ថៃគឺអ្នកនាង Tangmo បានបង្ហាញថា ការបាត់បង់ជីវិតនោះមិនជាប់ពាក់ព័ន្ធនិងករណីឃាតកម្មឬការប៉ុនប៉ងមនុស្សឃាតនោះទេ។ បើតាមឧត្តមសេនីយ៍ទោ Suwat Jangyodsuk អគ្គស្នងការនគរបាលជាតិថៃបានបញ្ជាក់តាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែមីនានេះថា ផ្អែកទៅលើភស្តុតាងដែលក្រុមប៉ូលិសជំនាញបានរកឃើញបានបង្ហាញថាការបាត់បង់ជីវិតរបស់តារាសម្តែងវ័យ ៣៧ឆ្នាំរូបនេះគឺជាករណីគ្រោះថ្នាក់ចៃដន្យដែលបានកើតឡើងដោយការខ្វះការប្រុងប្រយ័ត្ន។

គួររម្លឹកជូនថា សាកសពរបស់តារាសម្តែង Tangmo ត្រូវបានគេរកឃើញនៅក្នុងទឹកទន្លេចៅព្រះយ៉ាកាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ ពោលគឺវាមានរយៈពេលជិត ២ថ្ងៃក្រោយពេលដែលនាងបានធ្លាក់ចូលទៅក្នុងទន្លេ។ បើទោះជាករណីនេះមិនមែនជាករណីឃាតកម្មក៏ដោយ តែក្នុងចំណោមជនសង្ស័យទាំងអស់គឺមានជនសង្ស័យចំនួន ២នាក់ ម្នាក់ឈ្មោះ Tanupat “Por” Lerttaweewit និងម្នាក់ទៀតឈ្មោះ Phaiboon “Robert” Trikanjananun ត្រូវបានប៉ូលិសថៃសម្រេចចោទប្រកាន់ពីបទបើកបរទូកកំសាន្តដោយគ្មានអាជ្ញាប័ណ្ណនិងការធ្វេសប្រហែសដែលបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិត។ គួរបញ្ជាក់ជូនផងដែរ ដើម្បីអាចបំបែកសំណុំរឿងនេះបានប៉ូលិសថៃបានស្វែងរកភស្តុតាំងយ៉ាងច្រើននិងធ្វើការសាកសួរសាក្សីចំនួន ២៩នាក់ផ្សេងគ្នាផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






