អន្តរជាតិ

Coca-Cola និង Pepsi សម្រេចផ្អាកអាជីវកម្មនៅលើទឹកដីរុស្ស៊ី

BY
Pheakdey
March 9, 2022

ក្រុមហ៊ុនផលិតភេសជ្ជៈលំដាប់ពិភពលោកចំនួន ២គឺក្រុមហ៊ុន Coca-Cola និងក្រុមហ៊ុន Pepsi បានប្រកាសកាលពីថ្ងៃអង្គារ ទី៨ ខែកុម្ភៈម្សិលមិញនេះថា ក្រុមហ៊ុននឹងបញ្ឈប់ការធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី ដែលការសម្រេចនេះគឺជាការបង្ហាញនូវការប្រឆាំងមួយចំពោះសកម្មភាពដែលរុស្ស៊ីបានលើកទ័ពឈ្លានពានចូលទៅក្នុងប្រទេសអ៊ុយក្រែន។ បើតាមសេចក្តីថ្លែងការរបស់ក្រុមហ៊ុន Coca-Cola ដែលបានចុះតាមរយៈបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា៖ “បេះដូងរបស់ពួកយើងគឺនៅជាមួយនិងពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសង្គ្រាមរបស់រុស្ស៊ី ហើយពួកយើងមិនគាំទ្រការធ្វើសង្គ្រាមនេះទេ ដូចនេះហើយទើបពួកយើងសម្រេចផ្អាកអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី”។

នៅក្នុងសេចក្តីថ្លែងការបស់ក្រុមហ៊ុន Coca-Cola ក៏បានបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០២១ កន្លងទៅ ទីផ្សារលក់ផលិតផលរបស់ខ្លួននៅលើទឹកដីរុស្ស៊ីគឺមានទំហំទឹកប្រាក់ចន្លោះពី ១-២% នៃទំហំប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនដែលប្រមូលបានពីការលក់នៅជុំវិញពិភពលោក។ សម្រាប់ក្រុមហ៊ុន Pepsi វិញក៏បានបញ្ជាក់ផងដែរថា៖ “ក្រុមហ៊ុននឹងសម្រេចផ្អាកលក់ផលិតផលរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសរុស្ស៊ីដោយរួមមានទាំងផលិតផលល្បីៗរបស់ខ្លួនដូចជាទឹកក្រូច 7Up ទឹកក្រូច Mirinda ទឹកដោះគោ និងអាហារសម្រាប់ទារកផងដែរ។ គួរបញ្ជាក់ថា ក្រៅតែពីក្រុមហ៊ុនផលិតភេសជ្ជៈទាំង ២ខាងលើនេះ ក៏មានក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់និងអាហារល្បីៗជាច្រើនទៀតនៅលើពិភពលោកសុទ្ធតែបានសម្រេចផ្អាកធ្វើអាជីវកម្មរបស់ខ្លួននៅលើទឹកដីរុស្ស៊ីជាបណ្តោះអាសន្នដោយផ្អែកលើហេតុផល មិនគាំទ្រសង្គ្រាមរុស្ស៊ី៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: