អភិបាលក្រុងកៀវនិយាយថា ពលរដ្ឋអ៊ុយក្រែនមួយចំនួនកំពុងត្រលប់មកកាន់ទីក្រុងវិញដើម្បីតតាំងជាមួយរុស្ស៊ី ខណៈរដ្ឋបាលក្រុងកំពុងបើកបណ្តាញផ្គត់ផ្គង់ដើម្បីជួយពលរដ្ឋក្នុងក្រុង ២លាននាក់
- BY
- Pheakdey
- March 12, 2022
អ៊ុយក្រែន៖ អភិបាលរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែននិងជាអតីតកំពូលកីឡាប្រដាល់ទម្ងន់ធ្ងន់គឺលោក Vitali Klitschko បានឲ្យដឹងកាលពីថ្ងៃសុក្រ ទី១១ ខែមីនា ម្សិលមិញនេះថា គិតត្រឹមពេលនេះគឺមានប្រជាពលរដ្ឋប្រមាណជា ២លាននាក់ដែលកំពុងស្នាក់នៅក្នុងទីក្រុងកៀវ ក្រោយពួកគេត្រូវបានរារាំងដោយកងកម្លាំងរុស្ស៊ីមិនឲ្យចេញទៅណារួច។ លោកអភិបាលក្រុងរូបនេះបានបន្តថា តាមធម្មតាគឺទីក្រុងកៀវមានពលរដ្ឋសរុបប្រមាណជា ៣,៥លាននាក់ ហើយរដ្ឋបាលក្រុងមានស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ពលរដ្ឋទាំងអស់ក្នុងរយៈពេលយ៉ាងតិចណាស់ ២សប្តាហ៍។

លោក Vitali Klitschko បានបញ្ជាប់ប្រាប់អ្នកសារព័ត៌មានថា៖ “យើងមានអគ្គិសនី មានហ្គាស ទឹក និងអាហារសម្រាប់ពលរដ្ឋយើងយ៉ាងតិចណាស់ក៏ ២សប្តាហ៍ទៀតដែរ ហើយពេលនេះបណ្តាញផ្គត់ផ្គង់ទាំងក្នុងក្រុងនិងពីក្រៅក្រុងបានបើកគ្រប់ទីកន្លែងហើយដើម្បីធានានូវការផ្គត់ផ្គង់ជូនពលរដ្ឋមិនឲ្យដាច់ស្បៀងនោះទេ”។ លោកក៏បានឲ្យដឹងផងដែរថា ពេលនេះមានពលរដ្ឋចំនួនដែលបានរត់ចេញពីទីក្រុងក្រៀវរួចហើយ ក៏កំពុងធ្វើដំណើរត្រលប់មកវិញផងដែរ គឺពួកគេមកជួយការពារទីក្រុងនិងស័្មគ្រចិត្តរស់នៅក្នុងទីក្រុងមួយនេះរហូតដល់សង្គ្រាមត្រូវបានបញ្ចប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






