កូវីដនៅចិនផ្ទុះកាន់តែខ្លាំង ដោយថ្ងៃនេះចិនបានរកឃើញអ្នកឆ្លង ៥,២៨០នាក់ដែលជាតួលេខអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មាន
- BY
- Pheakdey
- March 15, 2022
ចិន៖ អាជ្ញាធរសុខាភិបាលនៃប្រទេសចិនបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥,២៨០នាក់ សម្រាប់របាយការណ៍នៅក្នុងថ្ងៃអង្គារ ទី១៥ ខែមីនានេះ ដែលតួលេខនេះមានការកើនឡើងទ្វេដងបើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃកន្លងទៅ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា តួលេខអ្នកឆ្លងកូវីដ-១៩ ខាងលើនេះគឺជាតួលេខអ្នកឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មានសម្រាប់ប្រទេសចិនផងដែរ បើគិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ ជាលើកដំបូងមក។

នៅក្នុងរបាយការណ៍របស់អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា តំបន់ដែលមានការរាតត្បាតខ្លាំងជាងគេនោះគឺខេត្ត Jilin ភាគខាងជើងប្រទេសចិន ដែលខេត្តមួយនេះតែម្នាក់ឯងមានតួលេខអ្នកឆ្លងរហូតដល់ទៅ ៣,០០០ករណី។ ឆ្លើយតបនឹងកំណើតនៃអ្នកឆ្លងជំងឺកូវីដ-១៩ នេះ អាជ្ញាធរចិនបានសម្រេចបិទខ្ទប់ទីក្រុងចំនួន ១១ហើយ ដោយក្នុងនោះក៏មានទាំងទីក្រុង Shenzhen ដែលជាទីក្រុងបច្ចេកវិទ្យាដ៏ធំរបស់ចិននិងមានពលរដ្ឋចំនួន ១៧លាននាក់កំពុងរស់នៅផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






