ប្រធានាធិបតីអាមេរិកនឹងធ្វើដំណើរទៅប៉ូឡូញដើម្បីពិភាក្សាអំពីបញ្ហាដែលរុស្ស៊ីឈ្លានពានចូលអ៊ុយក្រែន
- BY
- Pheakdey
- March 21, 2022
លោកប្រធានាធិបតីអាមេរិក Joe Biden នឹងអញ្ជើញធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញនៅថ្ងៃសុក្រ ទី២៥ ខែមីនា ដើម្បីពិភាក្សាអំពីបញ្ហាដែលប្រទេសរុស្ស៊ីបានឈ្លានពានចូលទៅក្នុងប្រទេសអ៊ុយក្រែនជាមួយនឹងប្រធានាធិបតីប៉ូឡូញគឺលោក Andrzej Duda នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមីនានេះ។ បើតាមលោក Jen Psaki ដែលជាអ្នកនាំពាក្យឲ្យសេតវិមានអាមេរិកបានឲ្យដឹងថា ដំណើរទស្សនៈកិច្ចរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់ប្រទេសប៉ូឡូញនឹងត្រូវរៀបចំឡើងបន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ប្រទេសបែលហ្សិកដើម្បីជួបជាមួយក្រុមមេដឹកនាំមកពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO) ក្រុមប្រទេស G7 និងសហភាពអឺរ៉ុប។

អ្នកនាំពាក្យឲ្យសេតវិមានរូបនេះបានបន្តថា ប្រធានបទសំខាន់នៅក្នុងជំនួបរវាងលោកប្រធានាធិបតីអាមេរិកជាមួយនិងលោកប្រធានាធិបតីប៉ូឡូញនោះគឺរបៀបដែលអាមេរិកនិងប្រទេសជាសម្ព័ន្ធមិត្តត្រូវឆ្លើយតបចំពោះវិបត្តិមនុស្សធម៌និងសិទ្ធមនុស្សដែលរុស្ស៊ីបានធ្វើឡើងយ៉ាងអយុតិ្តធម៌ជាទីបំផុតទៅលើប្រទេសអ៊ុយក្រែន។ ជាងនេះទៅទៀត ក្នុងជំនួបរវាងថ្នាក់ដឹកនាំកំពូលទាំង ២រូបនេះក៏មានការពិភាក្សាអំពីបញ្ហាដែលពិភពលោកត្រូវបន្តជួយគាំទ្រប្រទេសអ៊ុយក្រែនរហូតដល់ពេលសង្គ្រាមត្រូវបិទបញ្ចប់ផងដែរ។ យ៉ាងណាក្តី លោកប្រធានាធិបតីអាមេរិកគ្មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែននោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






