កម្មវិធីទេសចរណ៍មួយនេះរបស់ថៃបានជួយបង្កើតប្រាក់ចំណូលជួយសេដ្ឋកិច្ចបានជិត ១,៥ពាន់លានដុល្លារក្នុងរយៈពេល ៨ខែចុងក្រោយនេះ
- BY
- Pheakdey
- March 23, 2022
ថៃ៖ បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃពុធ ទី២៣ ខែមីនានេះបានរាយការណ៍ថា កម្មវិធី “Phuket Sandbox” បានជួយបង្កើតប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិថៃបានចំនួនជាង ៥០ពាន់លានបាត (ជាង១,៤៨ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ៨ខែចុងក្រោយនេះ។ បើតាមលោក Nanthasiri Ronnasiri ដែលជានាយកការិយាល័យទេសចរណ៍ខេត្តភូកេតបានឲ្យដឹងថា ចាប់តាំងពីអាជ្ញាធរទេសចរណ៍សម្រេចអនុវត្តកម្មវិធី “Phuket Sandbox” នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១មក ប្រទេសថៃបានទទួលភ្ញៀវទេសចរណ៍ជាង ៤០០ ០០០នាក់ ហើយគិតជាមធ្យមភ្ញៀវទេសចរណ៍ម្នាក់ស្នាក់នៅក្នុងប្រទេសថៃក្នុងរយៈពេល ១២យប់។

គួររម្លឹកជូនថា “Phuket Sandbox” គឺជាកម្មវិធីអនុគ្រោះចំពោះភ្ញៀវទេសចរណ៍អន្តរជាតិឲ្យចូលមកកំសាន្តក្នុងប្រទេសថៃក្នុងអំឡុងពេលដែលប្រទេសជាច្រើនបានសម្រេចបិទច្រកព្រំដែនដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្នុងការអនុវត្តកម្មវិធី “Phuket Sandbox” នេះ ភ្ញៀវទេសចរណ៍អន្តរជាតិទាំងអស់មិនតម្រូវឲ្យធ្វើចត្តាឡីស័កក្នុងរយៈ ១៤ថ្ងៃនោះទេ ដោយគ្រាន់តែតម្រូវឲ្យធ្វើតេស្តមុននិងក្រោយពេលដល់ខេត្តភូកេតប៉ុណ្ណោះ។ ក្រោយពេលស្នាក់នៅក្នុងខេត្តភូកេតជាច្រើនថ្ងៃនិងបានបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ទើបភ្ញៀវទេសចរណ៍អាចបន្តដំណើរទៅកាន់ខេត្តទេសចរណ៍ផ្សេងៗទៀតនៅក្នុងប្រទេសថៃបាន។ សូមបញ្ជាក់ផងដែរថា វិស័យទេសចរណ៍គឺជាប្រភពចំណូលយ៉ាងសំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិថៃ ហើយថៃបានសម្រេចដាក់ចេញកម្មវិធី “Phuket Sandbox” នេះគឺដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិដែលកំពុងធ្លាក់ចុះយ៉ាងខ្លាំងព្រោះវិបត្តិនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






