អន្តរជាតិ

កូវីដកូនកាត់ “ដែលតាក្រុង” បន្តរាតត្បាតគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសថៃ

BY
Pheakdey
March 24, 2022

ថៃ៖ មេរោគនៃជំងឺកូវីដ-១៩ កូនកាត់ “ដែលតា” និង “អូមីក្រុង” ឬហៅកាត់ថា “ដែលតាក្រុង” ហាក់កំពុងបន្តការរាតត្បាតគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនានេះ។ ជាក់ស្តែងបើយោងតាមរបាយការណ៍របស់នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តថៃបានឲ្យដឹង​ថា កាលពីថ្ងៃពុធ ទី២៣ ម្សិលមិញនេះមានករណីឆ្លងវ៉ារ្យ៉ង់  “ដែលតាក្រុង” ចំនួន ៧៣ ករណីនៅតាមសហគមន៍ទូទាំងប្រទេសថៃ ហើយតួលេខនេះក៏ជាចំនួនអ្នកឆ្លងដ៏ច្រើនមួយផងដែរ បើធៀបទៅនឹងករណីរាតត្បាតមេរោគ “ដែលតាក្រុង” នៅតាមបណ្តាប្រទេសផ្សេងៗទៀត។

គួរបញ្ជាក់ជូនថា ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខ្ទង់ជាង​ ២ម៉ឺននាក់ ជាក់ស្តែងសម្រាប់របាយការណ៍នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ មីនានេះ គឺប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៧,០២៤នាក់​ ក្នុងនោះមានអ្នកឆ្លង ៤៦នាក់ជាករណីនាំចូលពីក្រៅប្រទេស ខណៈតួលេខអ្នកស្លាប់វិញមានចំនួន ៨២នាក់ផងដែរ។ ដោយឡែកបើគិតជាសរុបរួមចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ ជាលើកដំបូងមកគឺគិតត្រឹមពេលនេះថៃមានតួលេខអ្នកឆ្លងសរុបជាង ៣,៤លាននាក់ និងស្លាប់សរុបជាង ២៤ម៉ឺននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: