ស្រ្តីជាមិត្តល្អនឹងគ្នា ២នាក់ប្រកាសស្វែងរកបុរសម្នាក់ដែលយល់ព្រមរៀបការជាមួយពួកគាត់ទាំង ២
- BY
- Pheakdey
- March 24, 2022
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានស្ត្រីជនជាតិម៉ាឡេស៊ីចំនួន ២នាក់ដែលជាមិត្តល្អនឹងគ្នាបានប្រកាសស្វែងរកបុរសម្នាក់ដែលអាចយល់ព្រមរៀបការមួយពួគាត់ទាំង ២នាក់និងព្រមរស់នៅក្នុងគ្រួសារមួយដែលមានប្តីម្នាក់និងប្រពន្ធ ២នាក់ទាំងអស់គ្នា។ ករណីស្រ្តី ២នាក់ប្រកាសរកប្តីរួមគ្នាតែម្នាក់នេះត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់ពួកគេគាត់ ខណៈដំណឹងដ៏កម្រនេះត្រូវបានក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសម៉ាឡេស៊ីចែករំលែកបន្តយ៉ាងច្រើន រហូតមានបណ្តាញសារព័ត៌មានធំៗមួយចំនួនចាប់អារម្មណ៍យកអត្ថបទនេះទៅចុះផ្សាយបន្តទៀតផង។

ប្រភពខាងលើបានបញ្ជាក់ថា ក្រុមស្រ្តីដែលបានចង់បានប្តីរួមគ្នានេះមានម្នាក់ជាស្ត្រីមេម៉ាយ មានអាយុ ៣១ឆ្នាំ មានការងារច្បាស់លាស់ និងម្នាក់ទៀតជាស្រ្តីនៅលីវមានអាយុ ២៧ឆ្នាំ និងជាម្ចាស់ហាងបោកអ៊ុតមួយកន្លែង។ ពួកគាត់ទាំង ២នាក់គឺជាអ្នកកាន់សាសនាឥស្លាមដូចគ្នា និងជាមិត្តល្អបំផុតនឹងគ្នា ឬអាចនិយាយតាមភាសាសាមញ្ញថា ជាមិត្តស្លាប់រស់នឹងគ្នា។ ពួកគាត់មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយគ្នាក្នុងជីវិតរស់នៅប្រចាំថ្ងៃជាយូរមកហើយ ហើយភាពស្និតស្នាលមិនអាចខ្វះគ្នាបាននេះបានជម្រុញឲ្យពួកគាត់សម្រេចចង់បានប្តីម្នាក់រួមគ្នាតែម្តង។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ឃើញមានបុរសណាម្នាក់ស្ម័គ្រចិត្តព្រមរៀបការជាមួយពួកគាត់នៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post:






