អន្តរជាតិ

ប្រទេសថៃហាមឃាត់មិនឲ្យមានការប្រើប្រាស់លុយគ្រីបតូសម្រាប់ទូទាត់ទំនិញចាប់ពីដើមខែក្រោយទៅ

BY
Pheakdey
March 24, 2022

ថៃ៖ និយតករទីផ្សារក្នុងប្រទេសថៃបានសម្រេចធ្វើការហាមឃាត់មិនឲ្យមានការទិញដូរដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ (លុយឌីជីថល) នៅលើទីផ្សារក្នុងប្រទេសថៃទៀតនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters កាលពីថ្ងៃពុធ  ទី២៣ ខែមីនា ម្សិលមិញនេះ។ ចំពោះសុពលភាពនៃការអនុវត្តសេចក្តីសម្រេចខាងលើនេះ គឺនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ១​ ខែមេសា ខាងមុខនេះតទៅតែម្តង។

ប្រភពខាងបានបន្តថា ការសម្រេចហាមឃាត់មិនឲ្យមានការទូរទាត់ប្រាក់ដោយប្រើប្រាស់លុយឌីជីថលនេះត្រូវបានធ្វើឡើងក្រោយមានកិច្ចពិភាក្សាយ៉ាងល្អិតល្អន់រវាងគណៈកម្មការមូលបត្រនិងប្តូរប្រាក់ (SEC) ជាមួយនឹងធនាគារថៃ (BOT) ដោយស្ថាប័នទាំង ២នេះបានយល់ស្របរួមគ្នាថា ការប្រើប្រាស់លុយឌីជីថលនឹងធ្វើឲ្យមានការប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុក្នុងប្រទេស និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ។ ក្នុងសេចក្តីសម្រេចរបស់និយតករទីផ្សារថៃនោះក៏បានបញ្ជាក់ផងដែរថា ប្រតិបត្តិករអាជីវកម្មទាំងអស់ដែលធ្លាប់ទូទាត់ការចំណាយតាមរយៈលុយឌីជីថលត្រូវតែគោរពនិងអនុវត្តតាមសេចក្តីសម្រេចមួយនេះឲ្យបានក្នុងរយៈ ៣០ថ្ងៃ ចាប់ពីថ្ងៃដែលសេចក្តីសម្រេចផ្តើមមានសុពលភាព៕

អត្ថបទ៖ ភក្តី

ប្រភព៖ Reuters

Share This Post: