អន្តរជាតិ

ថៃសម្រេចបន្ថយថ្ងៃធ្វើចត្តាឡីស័កលើអ្នកដំណើរមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយបន្ថយពី ១០ថ្ងៃ មកសល់ត្រឹម ៥ថ្ងៃប៉ុណ្ណោះ

BY
Pheakdey
March 25, 2022

ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានសម្រេចកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កសម្រាប់ក្រុមអ្នកដំណើរអន្តរជាតិដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពី ១០ថ្ងៃ មកសល់ត្រឹម ៥ថ្ងៃប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនាម្សិលមិញនេះ។ ជាងនេះទៅទៀតអ្នកដំណើរទាំងអស់ក៏លែងតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយម៉ាស៊ីន PCR មុនពេលឡើងយន្តហោះមកកាន់ប្រទេសថៃដែរ តែត្រូវធ្វើតេស្តម្តងមុនពេលអាជ្ញាធរថៃសម្រេចឲ្យពួកគាត់ចាកចេញពីសណ្ឋាគារដែលពួកគាត់បានសម្រាកដើម្បីធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃ។

ប្រភពខាងលើបានបន្តថា វិធានការខាងលើនេះនឹងត្រូវផ្តើមអនុវត្តចាប់ថ្ងៃទី ១​ ខែមេសា ខាងមុខនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីពីសំណាក់អាជ្ញាធរថៃ។ បើតាមអាជ្ញាធរថៃបាបញ្ជាក់ថា ការសម្រេចកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កចំពោះអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឲ្យក្រុមអ្នកដំណើរអន្តរជាតិមកកំសាន្តនៅក្នុងប្រទេសថៃ ជាពិសេសគឺនៅក្នុងឱកាសដែលប្រទេសថៃត្រូវប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ឬ សង្ក្រាន្តថៃនៅពាក់កណ្តាលខែមេសាខាងមុខនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: